ដើម្បីបញ្ចប់សង្រ្គាមក្រោមផែនការសន្តិភាពថ្មី ត្រាំ តម្រូវឲ្យអ៊ុយក្រែនប្រគល់ ទឹកដី ខ្លះទៅ រុស្ស៊ី

សហរដ្ឋអាមេរិក មានផែនការសន្តិភាពថ្មីមួយដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ដែលនឹងតម្រូវឱ្យទីក្រុងកៀវបោះបង់ចោលទឹកដី និងអាវុធមួយចំនួន ហើយបញ្ជូនសញ្ញាទៅកាន់ប្រធានាធិបតីអ៊ុយ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រូវតែទទួលយកផែនការថ្មីនេះ។ 

យោងតាមការចេញផ្សាយដោយសារព័ត៌មាន Financial Times កាលពីថ្ងៃពុធ ទី១៩ ខែវិច្ឆិកា បានឱ្យដឹងថា ផែនការសន្តិភាព ២៨ចំណុចត្រូវបានលើកឡើងដោយបេសកជនពិសេសអាមេរិក លោក Steve Witkoff នៅក្នុងជំនួបជាមួយលោក Rustem Umerov ដែលជាលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិ និងការពារជាតិរបស់អ៊ុយក្រែនក្នុងទីក្រុង Miami រដ្ឋ Florida កាលពីដើមសប្ដាហ៍នេះ។

បើតាម Financial Times នៅក្រោមផែនការថ្មីនេះ អ៊ុយក្រែននឹងត្រូវតម្រូវឱ្យបោះបង់ចោលទឹកដីនៃតំបន់ដុនបាស់ស្ថិតនៅភាគខាងកើតអ៊ុយក្រែន ក្នុងនោះរួមមានរួមទាំងទឹកដីដែលកងទ័ពអ៊ុយក្រែនកំពុងកាន់កាប់ និងត្រូវកាត់បន្ថយទំហំកងកម្លាំងពាក់កណ្ដាល។ មិនតែប៉ុណ្ណោះ ផែនការសន្តិភាពថ្មីនេះក៏នឹងតម្រូវឱ្យអ៊ុយក្រែនបោះបង់ចោលប្រភេទអាវុធមួយចំនួនផងដែរ រីឯជំនួយយោធាពីសហរដ្ឋអាមេរិកនឹងត្រូវកាត់បន្ថយ។

កន្លង មក កិច្ចព្រមព្រៀង ដែល បាន លើក ឡើងតែង ប្រឈមមុខនឹងឧបសគ្គធំៗ ខណៈ ទីក្រុងមូស្គូបន្តទាមទារ ឲ្យ អ៊ុយក្រែនបោះបង់ចោលការប៉ុនប៉ងចូលរួមអង្គការ ណាតូ និងដកកងកម្លាំងចេញពីតំបន់ចំនួនបួនដែលរុស្ស៊ីទាមទារ ដែលជាលក្ខខណ្ឌដែលទីក្រុងកៀវ បដិសេធដាច់ អហង្ការ៕