សហរដ្ឋអាមេរិក និងអ៊ុយក្រែន បន្តជជែកលើផែនការសន្តិភាពបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី

សហរដ្ឋអាមេរិក និងអ៊ុយក្រែន ជួបគ្នានៅថ្ងៃច័ន្ទ លើផែនការបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី បន្ទាប់ពីបានយល់ព្រមកែប្រែសំណើពីមុន ដែលត្រូវបានគេមើលឃើញថា អំណោយផលពេកសម្រាប់ទីក្រុងម៉ូស្គូ។

សេតវិមាន បាននិយាយកាលពីថ្ងៃអាទិត្យថា  កិច្ចពិភាក្សានៅទីក្រុងហ្សឺណែវ ជុំវិញផែនការដើម្បីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ទទួលបានការបោះជំហានធំមួយឆ្ពោះទៅមុខ ខណៈទីក្រុងវ៉ាស៉ីនតោនក៏បានអះអាងថា កិច្ចព្រមព្រៀងសន្តិភាព នៅពេលសម្រេចបាននឹងគោរពយ៉ាងពេញលេញ ចំពោះអធិបតេយ្យរបស់អ៊ុយក្រែន។ 

ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានដឹកនាំប្រតិភូអាមេរិក ជួបជាមួយក្រុមមន្រ្តីអ៊ុយក្រែន និងអឺរ៉ុបនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃអាទិត្យ ដើម្បីព្យាយាមកំណត់ឱ្យបានច្បាស់អំពីផែនការដើម្បីបញ្ចប់សង្រ្គាម ដែលបានផ្ទុះឡើងកាលពី ខែកុម្ភៈ ឆ្នាំ២០២២ នៅពេលរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន។

គួរឲ្យដឹងថា ប្រធានាធិបតីអាមេរិកបានទុកពេលឱ្យអ៊ុយក្រែន ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ដើម្បីទទួលយកផែនការរបស់លោក។ ប៉ុន្តែទីក្រុងកៀវ ចង់ឱ្យមានការកែសម្រួលទៅលើសំណើរផែនការដើមនោះ ដែលមានលក្ខខណ្ឌហាក់លម្អៀងទៅខាងរុស្ស៉ីខ្លាំង ដូចជាការតម្រូវឱ្យអ៊ុយក្រែនលះបង់ទឹកដីបន្ថែម កាត់បន្ថយកម្លាំងកងទ័ព និងសន្យាមិនចូលរួមក្នុងអង្គការ NATO ជាដើម។

សេចក្តីថ្លែងការណ៍រួមរវាងអាមេរិកនិងអ៊ុយក្រែន ក្រោយកិច្ចពិភាក្សានៅស្វីសកាលពីថ្ងៃអាទិត្យ បានបង្ហាញថា ជាលទ្ធផលនៃការពិភាក្សាគ្នានោះ ភាគីទាំងអស់បានឯកភាពគ្នាលើគ្រោងផែនការសន្តិភាពមួយ ដែលត្រូវបានកែសម្រួលបន្ថែមឱ្យកាន់តែល្អ។ បើតាមខ្លឹមសារសេចក្តីថ្លែងការណ៍រួម ទទួលបានវឌ្ឍនភាពយ៉ាងវិជ្ជមាន ឆ្ពោះទៅរកការតម្រឹមគោលជំហរឱ្យស៉ីគ្នា និងកំណត់ជំហានបន្ទាប់ទៀតដែលច្បាស់ៗ។ មិនតែប៉ុណ្ណោះ អាមេរិកនិងអ៊ុយក្រែន បានយល់ស្របដូចគ្នាថា កិច្ចព្រមព្រៀងសន្តិភាពណាមួយ ដែលសម្រេចបាននាពេលអនាគត នឹងគោរពយ៉ាងពេញលេញ ចំពោះ អធិបតេយ្យរបស់អ៊ុយក្រែន ហើយនាំមកនូវសន្តិភាពដែលមានយុត្តិធម៌ និងឋិតថេរយូរអង្វែង។

សេចក្តីថ្លែងការណ៍របស់សេតវិមាន បានអះអាងថា រដ្ឋមន្រ្តីការបរទេសអាមេរិក និងក្រុមមន្រ្តីអាមេរិក បានគូសបញ្ជាក់យ៉ាងមុតមាំអំពីការប្តេជ្ញារបស់ទីក្រុងវ៉ាស៉ីនតោន ដើម្បីធានាថាអធិបតេយ្យ សន្តិសុខ និងវិបុលភាពនាពេលអនាគតរបស់អ៊ុយក្រែន នៅតែជារឿងសំខាន់បំផុត៕

US Secretary of State Marco Rubio (R) and Ukraine’s Presidential Office Chief of staff Andriy Yermak hold a press conference following their closed-door talks on a US plan to end the war in Ukraine at the US Mission in Geneva, on November 23, 2025. US Secretary of State Marco Rubio arrived in Geneva on November 23, 2025 morning for discussions on a US plan to end the Ukraine war, after Washington signalled room for negotiation on the controversial proposal. Ukrainian, European and Canadian officials were also gathering in the Swiss city. (Photo by Fabrice COFFRINI / AFP via Getty Images)