ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កំណត់ពេលឱសានវាទឲ្យក្រុមហាម៉ាស់ ពី៣ ទៅ ៤ ថ្ងៃដើម្បីទទួលយកបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិកសម្រាប់បញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា។ នេះបើតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥។

អ្នកសម្រុះសម្រួលកាតា និងអេហ្ស៊ីប បានបង្ហាញផែនការ ២០ ចំណុចជាមួយក្រុមហាម៉ាសកាលពីល្ងាចថ្ងៃចន្ទ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានជួបជាមួយលោក Trump នៅសេតវិមាន ហើយបានគាំទ្រឯកសារនេះ ដោយនិយាយថា ពួកគេពេញចិត្តនឹងគោលដៅសង្រ្គាមរបស់អ៊ីស្រាអែល។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោន លោក Trump បាននិយាយថា មេដឹកនាំអ៊ីស្រាអែល និងអារ៉ាប់បានគាំទ្រផែនការរួចហើយ ហើយថា «យើងកំពុងរង់ចាំក្រុមហាម៉ាស់ ដើម្បីធ្វើការសម្រេចចិត្តរបស់ខ្លួន។ ខ្ញុំបានផ្តល់ឱ្យក្រុម ហាម៉ាស់ ៣ ឬ៤ ថ្ងៃដើម្បីឆ្លើយតប»។
បើតាមលោក Trump ផែនការនេះបញ្ជាក់ពីបទឈប់បាញ់ភ្លាមៗ, ការផ្លាស់ប្តូរចំណាប់ខ្មាំងទាំងអស់ដែលក្រុមហាម៉ាស់ឃុំឃាំង, អ្នកទោសប៉ាឡេស្ទីនដែលអ៊ីស្រាអែលឃុំខ្លួន, ការដកទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា, ការរំសាយអាវុធរបស់ក្រុមហាម៉ាស និងការណែនាំរដ្ឋាភិបាលអន្តរកាលដែលដឹកនាំដោយស្ថាប័នអន្តរជាតិមួយ។
ក្រុមហាម៉ាសបើកការវាយប្រហារលើអ៊ីស្រាអែលនៅថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣ ដែលបណ្តាឲ្យមានមនុស្សប្រហែល ១,២០០ នាក់ត្រូវបានសម្លាប់ និង ២៥១ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។ យ៉ាងណា អាជ្ញាធរសុខាភិបាលហ្គាហ្សាបាននិយាយថា ការវាយប្រហារក្នុងភ្លើងសង្រ្គាមបានសម្លាប់មនុស្សជាង ៦៦,០០០នាក់នៅហ្គាហ្សា៕
