បណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយអន្តរជាតិនៅរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រទេសថៃនៅតែបន្តយុទ្ធសាស្ត្របង្ខូចមុខមាត់ប្រទេសកម្ពុជាជាប្រចាំនៅលើឆាកអន្តរជាតិ ទាំងនៅក្នុងកិច្ចប្រជុំអន្តររដ្ឋាភិបាល ទាំងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងទាំងនៅក្នុងការធ្វើសកម្មភាពជាមួយបណ្តាប្រទេសមហាអំណាច។
លោកបណ្ឌិតបន្តថា វិធីសាស្ត្ររបស់ថៃមិនត្រឹមតែជាការបង្ខូចប្រវត្តិសាស្ត្រ ឬការបង្ខំឱ្យពិភពលោកមើលឃើញកម្ពុជាជា «ប្រទេសដែលមានបញ្ហា» នោះទេ ថែមទាំងប្រើរូបភាព «ថៃជាប្រទេសស្ងប់ស្ងាត់ មានវប្បធម៌ខ្ពស់ និងជាមិត្តល្អរបស់លោកខាងលិច» ដើម្បីបិទបាំងការឈ្លានពានដែនដី ការរំលោភសិទ្ធិមនុស្សនៅតាមព្រំដែន និងការប្រើប្រាស់កងទ័ពជាឧបករណ៍នយោបាយ។ គេឃើញច្បាស់ថា ថ្វីបើថៃមានសមត្ថភាពសេដ្ឋកិច្ចខ្លាំងជាងកម្ពុជារាប់ដង ក៏ថៃនៅតែខ្លាចរអាត្បិតកម្ពុជាកំពុងតែមានភាពលឿន ដូច្នេះត្រូវប្រើគ្រប់មធ្យោបាយដើម្បីរារាំងកុំឱ្យកម្ពុជាទទួលបានការគាំទ្រពីអន្តរជាតិ។ នៅចំពោះមុខអាកប្បកិរិយាបែបនេះ ប្រទេសកម្ពុជាមិនត្រូវធ្លាក់ក្នុងអន្ទាក់នៃកំហឹងខ្លាំងពេក ឬធ្វើការឆ្លើយតបដោយអារម្មណ៍នោះទេ។
លោកបណ្ឌិតបានបន្ថែមថា កម្ពុជាគួរតែបន្តយុទ្ធសាស្ត្រការទូតដោយភាពស្ងប់ស្ងាត់ ប៉ុន្តែមុតស្រួច និងមានយុទ្ធសាស្ត្រវែងឆ្ងាយ។ ត្រូវប្រើឆាកអន្តរជាតិឱ្យបានច្រើន ទាំងអាស៊ាន ទាំងអង្គការសហប្រជាជាតិ ទាំងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងទាំងកិច្ចព្រមព្រៀងពហុភាគីផ្សេងៗ ដើម្បីបង្ហាញភស្តុតាងច្បាស់ៗអំពីអំពើឈ្លានពានរបស់ថៃ និងដើម្បីទាញការគាំទ្រពីប្រទេសដទៃទៀត។ ក្នុងពេលជាមួយគ្នានោះ ត្រូវជំរុញការផលិតក្នុងស្រុកឱ្យកាន់តែខ្លាំង ដើម្បីកាត់បន្ថយការពឹងផ្អែកលើទំនិញថៃតាមដំណាក់កាល មិនមែនកាត់ផ្តាច់ភ្លាមៗដោយអារម្មណ៍ទេ។
ហេតុផលដ៏សំខាន់បំផុតគឺ៖ ប្រវត្តិសាស្ត្ររបស់ថៃផ្ទាល់បានបង្រៀនប្រជាជនថៃឱ្យមានចិត្តជាតិនិយមខ្លាំងក្លា រួមទាំងការមើលងាយ និងស្អប់ប្រទេសជិតខាង ជាពិសេសកម្ពុជា ម៉ាឡេស៊ី និងឡាវ។ ការអប់រំនៅថៃតែងតែបង្រៀនថា «ស្រុកខ្មែរជាខេត្តដែលបាត់បង់» និងថា «ខ្មែរជាជនជាតិទាបជាង»។ នេះមិនមែនជារឿងថ្មីទេ វាជាគោលនយោបាយរដ្ឋដែលបន្តជាង១០០ឆ្នាំមកហើយ។ ដូច្នេះ ទោះកម្ពុជាពហិការទំនិញថៃយ៉ាងណា ក៏ចិត្តស្អប់របស់ប្រជាជនថៃមិនថមថយទេ ហើយរដ្ឋាភិបាលថៃក៏នឹងរកវិធីថ្មីៗបង្ខូចកម្ពុជាតទៅទៀតដែរ។
ដូច្នេះ ការឆ្លើយតបដ៏ល្អបំផុតមិនមែនជាកំហឹងទេ គឺជាភាពឆ្លាតវៃ និងការអត់ធ្មត់ជាយុទ្ធសាស្ត្រ។ មេរៀនដ៏ធំបំផុតពីប្រវត្តិសាស្ត្រតំបន់គឺ នៅសម័យអាណានិគម ប្រទេសថៃ (សៀមនាពេលនោះ) អាចរួចផុតពីការធ្លាក់ជាអាណានិគមរបស់លោកខាងលិច មិនមែនព្រោះតែភាពខ្លាំងក្លានោះទេ គឺព្រោះតែ «ភាពក្រឡេកក្រឡុច» បត់បែនខ្លាំងណាស់។ ម្តងសម្ព័ន្ធមិត្តជាមួយបារាំង ម្តងសម្ព័ន្ធមិត្តជាមួយអង់គ្លេស ម្តងឱនលំទោនទៅចក្រភពអង់គ្លេស ម្តងទៅបារាំង ម្តងទៀតប្តូរទៅជប៉ុននៅសម័យសង្គ្រាមលោកលើកទី២ ហើយថ្មីៗនេះទៅយកចិត្តប្រទេសចិនដែលខ្លួនធ្លាប់តែប្រឆាំង និងតែងរិះគន់ប្រទេសកម្ពុជាដោយសារតែប្រទេសកម្ពុជាមានទំនាក់ទំនងល្អជាមួយចិន។ នៅក្នុងឆាកអន្តរជាតិ ភាពក្រឡេកក្រឡុច គេមិនហៅថាឆ្កួត ឬមិនស្មោះត្រង់ទេ គេហៅថា «ឈ្លាសវៃ» និង «ជាសិល្បៈនៃការរស់រាន»។ ប្រទេសវៀតណាមក៏ធ្វើបានដែរ ដោយប្តូរសម្ព័ន្ធមិត្តម្តងសូវៀត ម្តងចិន ម្តងអាមេរិក ដើម្បីការពារឯករាជ្យជាតិ។
ឥឡូវនេះ ដល់វេនកម្ពុជាហើយដែលត្រូវរៀនមេរៀននេះឱ្យស៊ីជម្រៅ។ កុំឱ្យអារម្មណ៍ជាតិនិយមខ្លាំងពេកធ្វើឱ្យបាត់បង់ភាពបត់បែន។ ត្រូវរក្សាទំនាក់ទំនងជាមួយប្រទេសជិតខាងនៅកម្រិតចាំបាច់ ប៉ុន្តែត្រូវបង្កើនមិត្តភក្តិថ្មីៗឱ្យច្រើន ទាំងចិន ទាំងរុស្ស៊ី ទាំងឥណ្ឌា ទាំងអាមេរិក ទាំងសហភាពអឺរ៉ុប និងកាន់តែរឹងមាំក្នុងអាស៊ាន។ នោះហើយជាមធ្យោបាយតែមួយគត់ដែលអាចឱ្យកម្ពុជាការពារប្រយោជន៍ជាតិបានយូរ និងឈ្នះថៃដោយមិនចាំបាច់បាញ់គ្នាម្តងទៀត។
អ្នកជំនាញភូមិសាស្ដ្រនយោបាយនិងច្បាប់អន្ដរជាតិរូបនេះ បានគូសបញ្ជាក់ទៀតថា ភាពខ្លាំងពិតប្រាកដមិនមែនស្ថិតនៅក្នុងការស្រែក ឬការពហិការទេ គឺស្ថិតនៅក្នុងភាពឆ្លាតវៃ ការអត់ធ្មត់ និងការបត់បែនដែលមានគោលដៅច្បាស់លាស់។ ថ្ងៃណាកម្ពុជាចេះលេងល្បែងនេះបានល្អដូចថៃ ថ្ងៃនោះហើយសម្លេងកម្ពុជានឹងឮខ្លាំងជាងថ្ងៃណាៗទាំងអស់។ កងទ័ពជាតិខ្លាំង មនុស្សដែលមានសមត្ថភាព ការផលិតក្នុងស្រុក ស្ថាប័នរដ្ឋដែលប្រជាពលរដ្ឋអាចទុកចិត្តបាន និងការងារផ្សេងទៀត គឺសំខាន់ណាស់ប្រទេសកម្ពុជាសម្រាប់បន្តដំណើរទៅមុខទៀត៕


