បណ្ឌិត យង់ ពៅ៖ ថៃ ដើរថយក្រោយក្នុងសមរភូមិច្បាប់អន្តរជាតិជាង ១០០ឆ្នាំ

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានភូមិសាស្ត្រនយោបាយ បានលើកឡើងថា ថ្ងៃអាទិត្យនេះលោកបានប្រទះភ្នែកឃើញព័ត៌មានចាស់ ដែលថៃ ឡាំប៉ានៅUNGA80 តែងចោទកម្ពុជាថា រំលោភទឹកដីខ្លួន ការចង់ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ខ្ញុំនៅតែអស់សំណើច…! ថៃ គេថា ៖
ទី១- «ប្រទេសថៃ មិនចង់មានបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាឡើយ ដោយថៃប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនតាមយន្តការទ្វេភាគីជាមួយកម្ពុជា»។
ទី២- ថៃសួរមកកាន់កម្ពុជាថា៖ «តើកម្ពុជា នឹងជ្រើសរើសផ្លូវសន្តិភាព ដូចដែលថៃបានជ្រើសរើស ឬក៏ចង់ប្រឈមមុខដាក់គ្នាជាមួយនឹងថៃបន្តទៀត?»។

លោកបានកត់សម្គាល់ថា ថៃ បង្ហាញដោះស្រាយបញ្ហាព្រំដែនតាមយន្តការទ្វេភាគី តាមរបៀបថៃ និងមហិច្ឆតា ដោយបញ្ជូនចូលមកអធិបតេយ្យកម្ពុជា បណ្ដេញប្រជាពលរដ្ឋកម្ពុជាចេញពីផ្ទះ វាយកម្ទេចផ្ទះសម្បែង បំផ្លាញផលដំណាំ…ខណៈថ្មីៗនេះ លោកអានុទីន ឆានវីរាក់គុល នាយករដ្ឋមន្រ្តីថ្មី អាយុខ្លីរបស់ថៃ និយាយបែបព្រៃថា ៖ «អ្នកណាចង់ឱ្យបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញ នឹងវាយឱ្យដល់ងាប់»។

ទាំងនេះ មិនត្រឹមតែថៃបង្កលេសឈ្លានពាននោះទេ ថែមទាំងបានកត់ត្រាក្នុងប្រវត្តិសាស្ត្រដ៏ជូរចត់រាប់រយឆ្នាំទៅមុខសម្រាប់ប្រជាជនកម្ពុជា។ ពាលថៃ ប្រាកដណាស់ថា ក្នុងសង្វៀនច្បាប់អន្តរជាតិ (ICJ, UNSC…) និងសង្វៀនការទូត ច្បាស់ត្រូវតែចាញ់កម្ពុជា ពាលថៃ នៅសល់តែសមរភូមិព្រៃ គឺការប្រើកម្លាំងទន្ទ្រានយក ដែលនេះវានឹងធ្វើឱ្យថៃ ដើរថយក្រោយក្នុងសមរភូមិច្បាប់អន្តរជាតិជាង១០០ឆ្នាំ។ សម្រាប់ខ្ញុំ នៅតែហៅ ថៃថា ជា «រដ្ឋពាល ដើមសតវត្សរ៍២១»…។ នេះជាការលើកឡើងបន្ថែមពីលោកបណ្ឌិត យង់ ពៅ៕