លោក Trump ហៅទំនាក់ទំនងអាមេរិកជាមួយចិន “រឹងមាំខ្លាំង” 

ប្រធានាធិបតី លោក Donald Trump បានហៅទំនាក់ទំនងសហរដ្ឋអាមេរិកជាមួយប្រទេសចិនថា “រឹងមាំខ្លាំង” នៅថ្ងៃចន្ទបន្ទាប់ពីបានជជែកតាមទូរស័ព្ទជាមួយមេដឹកនាំចិន Xi Jinping ដែលបានប្រាប់ Trump ថា “ការវិលត្រឡប់របស់តៃវ៉ាន់” គឺជាផ្នែកសំខាន់នៃចក្ខុវិស័យរបស់ទីក្រុងប៉េកាំងសម្រាប់សណ្តាប់ធ្នាប់ពិភពលោក។

ការនិយាយបែបនេះបានកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីមេដឹកនាំទាំងពីរបានជួបប្រជុំគ្នាក្នុងប្រទេសកូរ៉េខាងត្បូង ជាកន្លែងដែលពួកគេបានយល់ព្រមលើក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមិនទាន់ត្រូវបានបញ្ចប់។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយ។

ប្រទេសចិនបានជាប់គាំងនៅក្នុងវិបត្តិការទូតដ៏ធំបំផុតរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកគឺប្រទេសជប៉ុន។ ក្នុងខែវិច្ឆិកានេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយថា ការវាយប្រហារណាមួយរបស់ចិនលើកោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ អាចបង្កឱ្យមានការឆ្លើយតបរបស់យោធាជប៉ុន។

លោក Xi និយាយថា “ប្រទេសចិន និងសហរដ្ឋអាមេរិកធ្លាប់បានប្រយុទ្ធគ្នាប្រឆាំងនឹងហ្វាស៊ីសនិយម និងយោធានិយម ហើយឥឡូវនេះគួរតែធ្វើការរួមគ្នាដើម្បីការពារលទ្ធផលនៃសង្គ្រាមលោកលើកទីពីរ” ។

គួរឲ្យដឹងថា ចិន​ចាត់ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន ហើយ​មិនបាន​ច្រានចោល​ការប្រើ​កម្លាំង​ដើម្បី​គ្រប់គ្រង​នោះឡើយ​។ រដ្ឋាភិបាលកោះតៃវ៉ាន់បានច្រានចោលការទាមទាររបស់ទីក្រុងប៉េកាំង ហើយនិយាយថា មានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចអនាគតរបស់ពួកគេបាន។

លោក Trump មិនបាននិយាយអំពីតៃវ៉ាន់នៅក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social ប៉ុន្តែលោកបាននិយាយថា ល្អណាស់ដែលបានជជែកតាមទូរសព្ទជាមួយលោក Xi ដែលលោកបាននិយាយថា បានពិភាក្សាលើប្រធានបទជាច្រើន រួមទាំងអ៊ុយក្រែន ហ្វេនតានីល និងផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក។ លោក Trump ថា ទំនាក់ទំនងរបស់យើងជាមួយប្រទេសចិនគឺរឹងមាំខ្លាំងណាស់។

បើតាមអ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានប្រាប់អ្នកយកព័ត៌មានថា ការហៅទូរស័ព្ទជាមួយលោក Xi របស់លោក Trump គឺផ្តោតលើពាណិជ្ជកម្ម និងមានរយៈពេលប្រហែលមួយម៉ោង៕