កូរ៉េខាងជើងថ្កោសទោការអំពាវនាវរបស់សហរដ្ឋអាមេរិកឱ្យរំសាយអាវុធនុយក្លេអ៊ែរ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា បេសកកម្មអចិន្ត្រៃយ៍របស់កូរ៉េខាងជើងប្រចាំអង្គការ​សហ​ប្រជាជាតិ បាននិយាយថា ឋានៈរបស់កូរ៉េខាងជើងជារដ្ឋអាវុធនុយក្លេអ៊ែរគឺមិនអាចកែប្រែបានឡើយ  ដោយរិះគន់ និងធ្វើការថ្កោសទោសដល់ការអំពាវនាវរបស់សហរដ្ឋអាមេរិកឱ្យរំសាយអាវុធនុយក្លេអ៊ែរ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី១៥ ខែកញ្ញា បានស្រង់សម្ដីបេសកកម្មអចិន្ត្រៃយ៍របស់កូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ ដែលបានគូសបញ្ជាក់ថា ឋានៈរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ជារដ្ឋអាវុធនុយក្លេអ៊ែរដែលត្រូវបានចែងយ៉ាងច្បាប់ក្នុងច្បាប់កំពូល និងមូលដ្ឋានរបស់រដ្ឋ គឺមិនអាចកែប្រែបានឡើយ។

គួរឲ្យដឹងថា នៅក្នុងខណៈពេលថ្កោលទោសសហរដ្ឋអាមេរិកសម្រាប់ការជំរុញការរំសាយអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើងថាជាសកម្មភាពបង្ករឿង និងជាការលូកលាន់កិច្ចការផ្ទៃក្នុង។ ទីក្រុងព្យុងយ៉ាងបានអះអាងទៀតថា អាវុធនុយក្លេអ៊ែររបស់ខ្លួនគឺជាជម្រើសមួយជៀសមិនរួចដើម្បីការពារប្រទេសជាតិពីការគំរាមកំហែងនុយក្លេអ៊ែរពីសំណាក់សហរដ្ឋអាមេរិក៕