ឯកឧត្តម ស សុខា បញ្ជាក់ជាថ្មីពីកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចចម្រុះកម្ពុជា ក្នុងសកកម្មបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ!

ឯកឧត្ដម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ជាថ្មីពីកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចចម្រុះកម្ពុជា ក្នុងសកកម្មបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។

លើបណ្តាញសង្គមនៅថ្ងៃទី៦ ខែធ្នូនេះ ឯកឧត្ដម ស សុខា បានបង្ហាញពីលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញមួយករណី។ ឯកឧត្តមបានបញ្ជាក់ថា ប្រតិបត្តិការនេះ គឺជាទឡ្ហីករណ៍ថ្មីមួយទៀត បញ្ជាក់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចចម្រុះកម្ពុជា រួមទាំងកម្លាំងអនុវត្តច្បាប់នៃក្រសួងមហាផ្ទៃ ក្នុងបេសកកម្មបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសដ៏ប្រឈមមួយនេះ ស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការជាអន្តរជាតិ រួមទាំងជាមួយបណ្ដាប្រទេសជាដៃគូ។

កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងចម្រុះនៃផែនការងារសន្តិសុខ ផែនការងារអន្តោប្រវេសន៍ និងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់បង្កប់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ក្នុងបុរីពិភពថ្មី ផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ។ ក្នុងនោះ សមត្ថកិច្ច បានឃាត់ខ្លួនជនជាតិកូរ៉េ ចំនួន ៧នាក់ (ស្រី២នាក់) ជនជាតិខ្មែរ ចំនួន ២នាក់ (អ្នកបើកបររថយន្ត) និងដកហូតវត្ថុតាង រួមមាន៖ កុំព្យូទ័រយួរដៃ (Laptop) ចំនួន ៦គ្រឿង កុំព្យូទ័រ All in one ចំនួន ៤គ្រឿង ម៉ូនីទ័រ ចំនួន ៦គ្រឿង និង iPad ចំនួន ៨គ្រឿង។ បច្ចុប្បន្នសមត្ថកិច្ច កំពុងត្រួតពិនិត្យ និងធ្វើកោសល្យវិច័យបឋម ស្វែងរកបទល្មើសក្នុងឧបករណ៍ទាំងនោះ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា បទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះ គឺជាបទល្មើសថ្មី មានភាពប្រទាក់ក្រឡា ស្មុគស្មាញ មានអង្គការចាត់តាំង មេខ្លោង ខ្សែបណ្ដាញ អ្នកសហការបង្កលក្ខណៈ និងអ្នកប្រព្រឹត្ត ធ្វើសកម្មភាពបញ្ជា ដឹកនាំ និងអនុវត្តចេញពីទីតាំងច្រើនកន្លែងពាសពេញពិភពលោក។ ការងារនេះ ទាមទារជាចាំបាច់នូវស្មារតីយកចិត្តទុកដាក់អនុវត្តរបស់កងកម្លាំងមានសមត្ថកិច្ចកម្ពុជា និងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មានប្រកបដោយសុច្ឆន្ទៈ និងវិជ្ជាជីវៈ ពីកម្លាំងអនុវត្តច្បាប់នៃបណ្ដាប្រទេសពាក់ព័ន្ធ។

ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងនីតិកាលកន្លងមក និងបច្ចុប្បន្នមាន សម្ដេចមហាបវរធិបតី ជាប្រមុខដឹកនាំបន្តវេន បានដាក់ចេញគោលនយោបាយ និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ទាំងបទល្មើសប្រពៃណី និងបទល្មើសមិនប្រពៃណី ដូចយ៉ាងអំពើឆបោកតាមប្រព័ន្ធអនឡាញនេះ ដើម្បីធានាឱ្យបាននីតិរដ្ឋនៅផ្ទៃក្នុងប្រទេស និងដើម្បីជួយសង្គ្រោះមនុស្សជាតិលើពិភពលោក គ្រប់ជាតិសាសន៍ មិនឱ្យរងគ្រោះ និងបន្តរងគ្រោះ ដោយសារបទល្មើសជាសកលគ្រប់ប្រភេទ៕