អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ប្ដេជ្ញាសម្របសម្រួល និងធានាឱ្យបាននូវការអនុវត្តតាមខ្លឹមសារសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ Tan Sri Hj Mohd Nizam bin Hj Jaffar អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និង គណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរបស់កម្ពុជា ក្នុងការសម្របសម្រួលដល់ការបំពេញការងាររបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះអនុវត្តភារកិច្ចរបស់ខ្លួននៅកម្ពុជា នាពេលកន្លងមក។

ឯកឧត្តមអគ្គមេបញ្ជាការបានគូសបញ្ជាក់ថា ជីវិត និងសន្ដិភាព ពិតជាមានតម្លៃណាស់។ ក្នុងន័យនេះ, ឯកឧត្តមបានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ក្នុងការចូលរួមចំណែកសម្របសម្រួលឱ្យទទួលបាននូវសន្តិភាពនៃប្រទេសទាំងពីរ ក៏ដូចជាការប្ដេជ្ញាចិត្តក្នុងការបំពេញការងារប្រកបដោយអព្យាក្រឹតភាព ក្នុងការសម្របសម្រួលលើកិច្ចការនេះ។

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងគណៈប្រតិភូ និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រទេសម៉ាឡេស៊ី ជាពិសេស តួនាទីដ៏សំខាន់របស់ឯកឧត្ដមនាយករដ្ឋមន្រ្តី Anwar Ibrahim ដែលបានចូលរួមចំណែកជួយសម្របសម្រួលឱ្យមានបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និង ការឈានទៅសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក៏ដូចជាអរគុណដល់តួនាទីដ៏សកម្មរបស់ ឯកឧត្តមអគ្គមេបញ្ជាការ ក្នុងការដឹកនាំ និង​សម្របសម្រួល​ក្រុមអ្នកសង្កេតការណ៍អាស៊ាន ស្របតាម​បទឈប់បាញ់កម្ពុជា-ថៃ,​ ស្មារតីនៃកិច្ចប្រជុំគណ:កម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ និងខ្លឹមសារនៃសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ។

ឆ្លៀតក្នុងឱកាសនេះ, សម្ដេចបវរធិបតី បានជម្រាបជូនឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី អំពីស្ថានភាព និងការវិវត្ត នៃបញ្ហាព្រំដែន កម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយជម្លោះ​ព្រំដែននេះដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមកម្ពុជា-ថៃ ព្រមទាំងផ្អែកលើច្បាប់អន្តរជាតិ និង កិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់។

ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានជម្រាបជូនសម្ដេចបវរធិបតី អំពីការប្ដេជ្ញាចិត្តក្នុងការខិតខំចូលរួមចំណែកសម្របសម្រួល និងធានាឱ្យបាននូវការអនុវត្តតាមបទឈប់បាញ់កម្ពុជា-ថៃ,​ ស្មារតីនៃកិច្ចប្រជុំគណ:កម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ និងខ្លឹមសារនៃសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ ៕