អំបែងគ្រាប់ផ្ទុះរបស់យោធាថៃ សម្លាប់មេដំរី និងកូនទើបកើត ក្នុងដែនជម្រកសត្វព្រៃព្រះរការ-ឆែប ខេត្តព្រះវិហារ

ក្រសួងបរិស្ថាន បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្សនិងសហគមន៍មូលដ្ឋាន បានរាយការណ៍ថាបានប្រទេះឃើញសត្វដំរីញី និងកូនដំរីស្លាប់ នៅចំណុចអូរស្កាច ក្នុងដែនជម្រកសត្វព្រៃ«ព្រះរការ-ឆែប» ខេត្តព្រះវិហារ។ តាមការពិនិត្យបឋម សត្វដំរីញី១ក្បាល មានទំងន់ប្រមាណ៥០០គីឡូក្រាម និងកូនទើបកើត មានទំងន់ប្រមាន៨០គីឡូក្រាម  បានស្លាប់ក្នុងទឹកអូរ ដោយដំរីញីមានស្នាមមុត បណ្តាលមកពីគ្រាប់ ឬអំបែងគ្រាប់ផ្ទុះរបស់ថៃ និងបានរលូតកូន ស្លាប់ទាំងម្តាយទាំងកូនដំរីផងដែរ។ មន្រ្តីជំនាញបរិស្ថាន បន្តធ្វើការសិក្សាស្រាវជ្រាវនិងចាត់វិធានការបន្តទៀត ចំពោះសពដំរី។

កន្លងមកប្រជាពលរដ្ឋអ្នកដងជ័របានរាយការណ៍ថា ឃើញស្នាមដានជើងដំរី មានរបួស ស្នាមឈាមស្រក់ ជាប់នៅលើដី និងស្មៅនៅចំណុចខាងលើ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានចាត់មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រះរការ-ឆែប សហការជាមួយមន្ត្រីផ្នែកស្រាវជ្រាវសត្វព្រៃ របស់អង្គការ WCS បានចុះធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ តែដោយស្ថានភាពព្រៃធំ និងកៀកនិងសមរភូមិប្រយុទ្ធនៃការឈ្លានពានពីកងទ័ពថៃផងនោះ ក្រុមការងារពុំអាចរកឃើញ និងជួយសង្រ្គោះដំរីទាន់ពេលវេលា។ រហូតដល់ថ្ងៃ២២ ខែធ្នូ ឆ្នាំ២០២៥ បានប្រទះឃើញដំរីទាំងពីរ បានស្លាប់បាត់ទៅហើយ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងឱកាសការអញ្ជើញធ្វើបឋកថានៅរាជបណ្ឌិតសភាកម្ពុជា នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានមានប្រសាសន៍ថា សង្រ្គាមឈ្លានពានមកលើអធិបតេយ្យកម្ពុជា បានបំផ្លិចបំផ្លាញមិនត្រឹមតែជីវិតមនុស្ស ទ្រព្យសម្បត្តិ វាបានបំផ្លិចបំផ្លាញធនធានធម្មជាតិ និងជីវៈចម្រុះផងដែរ។ ការឈ្លានពាននិងរំលោភដែនអធិបតេយ្យរបស់កម្ពុជា បានផ្ទុយនឹងច្បាប់អន្តរជាតិ ដែលមានចែងហាមឃាត់ មិនឱ្យវាយប្រហារ ប៉ះពាល់បរិស្ថាន ឬក៏តំបន់ការពារធម្មជាតិនោះទេ។

សូមបញ្ជាក់ថា នៅខេត្តព្រះវិហារកន្លងមកបានរកឃើញមានវត្តមានដំរីប្រមាណ ២០ក្បាល កំពុងរស់នៅ និងចល័តពីជួរភ្នំដងរ៉ែក ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តនៃដែនជម្រកសត្វព្រៃឆែប-ព្រះរការ ខេត្តព្រះវិហារ ចុះទៅរហូតដល់ព្រំដែនកម្ពុជា-ឡាវ។  ខេត្តព្រះវិហារមានតំបន់ការពារធម្មជាតិ ចំនួន៨ ក្នុងតំបន់ការពារចំនួន៣ ដែលមានភូមិសាស្រ្តជាប់ព្រំដែនកម្ពុជា-ថៃ រួមមានតំបន់ការពារទេសភាពប្រសាទព្រះវិហារ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃព្រះរការ-ឆែប កំពុងរងការបំផ្លិចបំផ្លាញធនធានធម្មជាតិ ជីវៈចម្រុះ ដែលក្នុងនោះសត្វព្រៃជាច្រើន ដែលងាយនឹងបាត់បង់ពីធម្មជាតិ ដោយសារការឈ្លានពានពីប្រទេសថៃ។

តាមការស្រាវជ្រាវ ដំរីអាស៊ីនៅក្នុងប្រទេសកម្ពុជា រស់នៅនៅតំបន់មួយចំនួនដូចជាភូមិភាគឥសាន និរតី និងភូមិភាគខាងជើង។ ក្នុងរយៈ១០ឆ្នាំចុងក្រោយនេះមិនមានការកត់ត្រាពីដំរីងាប់នៅក្នុងតំបន់ភូមិភាគខាងជើងនោះទេ។ តាមការសិក្សាថ្មីៗបង្ហាញថា ដំរីនៅប្រទេសកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ ច្រើនជាង៦០០ក្បាលកំពុងរស់នៅតាមតំបន់ការពារធម្មជាតិនៅកម្ពុជា។  ដំរីអាស៊ីត្រូវបានចុះក្នុងបញ្ជីក្រហមនៃអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN Red Listed) ជាប្រភេទជិតផុតពូជ និងត្រូវបានចាត់ថ្នាក់នៅក្នុងឧបស្ព័ន្ធ I នៃអនុសញ្ញាសាយតេស (CITES Appendix I)៕