បងប្អូនត្រូវការជំនាញតោន និងបាញ់ថ្នាំ មកនេះទើបដាក់ឲ្យដំណើរការថ្មី ២៧ម៉ឺនដុល្លារ នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម

«មជ្ឈមណ្ឌលបណ្តុះបណ្តាលតោន និងបាញ់ថ្នាំ ហុងដា ខា ហាកាតា» របស់ក្រុមហ៊ុន Honda Cars Hakata Co., Ltd ត្រូវបានសម្ពោធដាក់ឱ្យដំណើរការកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ក្នុងរាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការនាពេលនេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា សមិទ្ធផលនេះ រួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងមូលធនមនុស្សដែលមានជំនាញ និងផលិតភាពការងារខ្ពស់ ឆ្លើយតបតាមតម្រូវការទីផ្សារការងារ និងការវិវត្តយ៉ាងឆាប់រហ័សនៃវិស័យឧស្សាហកម្មរថយន្ត។ លោកថា កិច្ចសហការនេះ ក៏នឹងជួយពង្រឹងទំនាក់ទំនងរវាងប្រជាជន សិស្ស និងនិស្សិតកម្ពុជា ជាមួយប្រជាជនជប៉ុនឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោកបានគូសបញ្ជាក់ថា នេះគឺជាពេលវេលាដ៏សមស្រប ដែលឧស្សាហកម្មយានយន្តនៅកម្ពុជាកំពុងរីកលូតលាស់ ហើយជីវភាពប្រជាជនកាន់តែប្រសើរឡើង ដែលនាំឱ្យតម្រូវការប្រើប្រាស់ និងថែទាំរថយន្តកើនឡើង ជាពិសេសជំនាញតោន និងបាញ់ថ្នាំនេះតែម្តង។ លោករដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា មជ្ឈមណ្ឌលនេះ មិនត្រឹមតែផ្តល់ឱកាសការងារដែលមានប្រាក់ចំណូលសមរម្យក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏បើកផ្លូវឱ្យសិស្សានុសិស្សអាចយកចំណេះជំនាញទៅបម្រើការងារនៅប្រទេសជប៉ុន ដែលកំពុងមានតម្រូវការខ្ពស់ផងដែរ។

តាមការបញ្ជាក់ពីលោក ជិន តារ៉ា នាយកវិទ្យាស្ថាន ITI និងលោក កូស៊ីរ៉ូ មុតូ នាយកប្រតិបត្តិក្រុមហ៊ុន Honda Cars Hakata, ក្រុមហ៊ុនបានផ្តល់នូវមជ្ឈមណ្ឌលបណ្តុះបណ្តាល ការបំពាក់ឧបករណ៍ និងសម្ភារបរិក្ខារ សរុបជាទឹកប្រាក់ប្រមាណ ២៧ម៉ឺនដុល្លារអាម៉េរិក ព្រមទាំងការបណ្តុះបណ្តាលគ្រូបង្គោល។ តាមផែនការ គ្រូបង្គោលសរុបចំនួន ១៦នាក់ នឹងត្រូវបណ្តុះបណ្តាលឱ្យបានក្នុងរយៈពេល ៤ឆ្នាំ (២០២៤-២០២៨)៕