ថៃហាក់ភ័យខ្លាចស្រមោលពីអតីតកាល ខ្លាចការពិតត្រូវលាតត្រដាងក្នុងខ្សែភាពយន្តឯកសាររបស់កម្ពុជារឿងសោកនាដកម្មភ្នំខ្មោច

«សោកនាដកម្មភ្នំខ្មោច» គឺវារឿងពិតបានកើតឡើងនៅទសវត្សទី៨០ ដែលថៃបានធ្វើអំពើឃោរឃៅមកលើប្រជាជនកម្ពុជា ។ បច្ចុប្បន្ន ក្រោយពីបានដឹងថាផលិតករកម្ពុជាផលិតជាខ្សែភាពយន្ត ថៃបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការលាតត្រដាងរឿងដ៏អាក្រក់មួយនេះទៅកាន់ពិភពលោក។

កាសែត Khaosod English រាយការណ៍ថា​ ប្រទេសថៃបានសម្តែងការព្រួយបារម្ភអំពីការពណ៌នាអំពីប្រទេសថៃនៅក្នុងខ្សែភាពយន្តកម្ពុជា “ភ្នំខ្មោច៖ វាលពិឃាតទីពីរ” ដោយព្រមានថា ស្នាដៃច្នៃប្រឌិតមិនគួរត្រូវបានប្រើដើម្បីបង្ខូចប្រវត្តិសាស្ត្រ ឬញុះញង់ការស្អប់ខ្ពើមនោះទេ។ ការបំភ្លឺនេះត្រូវបានចេញផ្សាយដោយមជ្ឈមណ្ឌលព័ត៌មានស្ថានភាពថៃ-កម្ពុជា បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយកម្ពុជាបានអំពាវនាវឱ្យប្រើប្រាស់ភាសាដែលពិពណ៌នាអំពីប្រទេសថៃថាបាន “ឈ្លានពានកម្ពុជា”។ 

យ៉ាងណាក៏ដោយ គេមើលឃើញថា ការព្រួយបារម្ភនេះ គឺថៃហាក់ភ័យខ្លាចស្រមោលអតីតកាល ខណៈសោកនាដកម្ម “ភ្នំខ្មោច” គឺជាសុបិន្តដ៏អាក្រក់មួយ របស់ប្រជាជនខ្មែរ ដែលបានកើតឡើងនៅជុំវិញខែមិថុនា ឆ្នាំ១៩៧៩ បន្ទាប់ពីបានភៀសខ្លួនទៅកាន់ជាយដែនប្រទេសថៃ រហូតដល់អ្នកនៅរស់រានមានជីវិត បានផលិតវីដេអូ និងនិពន្ធសៀវភៅបរិយាយពីដំណើរជីវិតនៅលើភ្នំដងរែក និងទុក្ខវេទនាដែលបង្កឡើងដោយទាហានប៉ារ៉ាថៃ នាសម័យកាលនោះ។ 

ថ្មីៗនេះ ផលិតកម្ម LD Entertainment បានធ្វើពិធីបើកកាំមេរ៉ាថតរឿង «សោកនាដកម្មភ្នំខ្មោច» ដែលជាកុនប្រវត្តិសាស្រ្តខ្នាតធំ និងត្រៀមចំណាយថវិកាច្រើនក្នុងការថតភាពយន្តមួយនេះ។ ជាស្នាដៃដឹកនាំផលិតដោយ លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Entertainment ដែលលោកជាមនុស្សម្នាក់ដែលបានចូលរួមលើកស្ទួយវិស័យភាពយន្តខ្មែរ ដោយខិតខំកសាងស្នាដៃជាង ១៥ ឆ្នាំ ក្នុងវិស័យមួយនេះ។ លោកមានចក្ខុវិស័យវែងឆ្ងាយ ដើម្បីធ្វើយ៉ាងណាឱ្យកុនខ្មែរ អាចនាំចេញទៅចាក់ផ្សាយនៅលើឆាកអន្តរជាតិ ដើម្បីលើកមុខលើកមាត់វិស័យភាពយន្តរបស់ខ្មែរ។

ទាក់ទងការព្រួយបារម្ភរបស់ថៃ លោក លៀក លីដា បានចេញមកបញ្ជាក់ថា ភាពយន្តប្រវត្តិសាស្ត្រមួយនេះ កម្ពុជា ផលិតដោយផ្អែកតែលើការពិតតែប៉ុណ្ណេាះ និងស្នើអោយ ថៃ កុំបាច់ព្រួយភ័យថា កម្ពុជា កាឡៃ និងបង្កើតអោយមានអំពើរើសអើង។ ពោលគឺកម្ពុជា ធ្វើអ្វីដែលយើងគួធ្វើដើម្បីជាតិយើងនិងសេចក្តីថ្លៃថ្នូរបស់យើង”។

សូមបញ្ជាក់ថា ភាពយន្តបែបប្រវត្តិសាស្ត្រ រឿង សោកនាដកម្មភ្នំខ្មោច កំពុងដំណើរការថត និងត្រៀមចាក់បញ្ចាំងផ្លូវការនាខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ៕

5
Promotion