ថ្មីៗនេះតួល្ខោនយីកេល្បីឈ្មោះលោក ឃួន ដារិទ្ធ បានពោលពាក្យហាក់ដូចជាអស់សង្ឃឹមក្នុងការដើរលើវិស័យល្ខោនយីកេនេះទៀតហើយ បន្ទាប់ពីត្រូវបានគេបង្អាប់ចំៗនិងនិយាយចំអកដាក់ខ្លួនខ្លាំងៗ ។
លោក ឃួន ដារិទ្ធ ជាសិល្បករល្ខោនយីកេដ៏ល្បីឈ្មោះមួយរូបដែលបានចេញពីសាលាមធ្យវិចិត្រសិល្បៈយ៉ាងពិតប្រាកដ និងមានឪពុកម្តាយជាគ្រូបង្ហាត់បង្រៀនខាងជំនាញនេះស្រាប់ ។ កាលពីនៅក្មេងៗលោកតែងមានក្តីស្រមៃចង់ក្លាយទៅជាអ្នកសម្តែង និងជាគ្រូបង្រៀនល្ខោនយីកេល្បីឈ្មោះម្នាក់ផងដែរដើម្បីស្នងតំណែងពីឪពុកម្តាយ ។ ក្រោយពីខំប្រឹងអស់ជាច្រើនឆ្នាំលោកក៏ទទួលបានជោគជ័យដូចអ្វីដែលបានរំពឹងទុក ។
លោក ឃួន ដារិទ្ធ ធ្លាប់បានសម្តែងនៅក្នុងរឿងល្ខោនយីកេច្រើនមកហើយ ដូចជារឿង « មាយើង » និងរឿង « ម៉ាក់ថឺង » ជាដើម ជាពិសេសលោកកាន់តែធ្វើឱ្យទស្សនិកជនស្គាល់ខ្លាំងបន្ទាប់ពីបានចូលរួមសម្តែងនៅក្នុងផ្ទាំងទស្សនីយភាពល្ខោនបាមោជ្ជទ័យក្នុងរឿង « កុលាបប៉ៃលិន »…។

នៅពេលកេរ្តិ៍ឈ្មោះកាន់តែផ្ទុះការចាប់អារម្មណ៍ពីមហាជន ស្រាប់តែលោក ឃួន ដារិទ្ធ ទទួលបានពាក្យរិះគន់យ៉ាងខ្លាំងៗពីជនមួយចំនួន និងអ្នកដឹកនាំខ្លះ រហូតធ្វើឱ្យលោកអាក់អន់ចិត្ត និង មិនសប្បាយចិត្តរហូតបោះពាក្យសម្តីធ្ងន់ៗទៅវិញ ។
លោក ឃួន ដារិទ្ធ បាននិយាយថា « ខ្ញុំគ្មានសម្រស់ និងសមត្ថភាពសម្តែងទេ ! ទុកឱ្យអ្នកដែលមានសម្រស់និងសមត្ថភាពចុះ ខ្ញុំសុំសម្រាកព្យាបាលជំងឺហើយ ។ ខ្ញុំក៏ចង់ប្រាប់ទៅអ្នកដែលថា ខ្ញុំគ្មានសមត្ថភាពសម្តែងរឿងអ្នកទេ កុំឱ្យតួឯករបស់អ្នកខូចកិត្តិយសដោយសារខ្ញុំ ព្រោះសម្រស់ខ្ញុំមិនដូចតារា ចាំខ្ញុំសន្យំលុយទៅកែសម្ផស្សសិន តែបើបានឈប់សម្តែងរិតតែប្រសើរសម្រាប់ខ្ញុំ ខ្ញុំមិនចេះអន់ចិត្តទេ តែកុំមើលងាយខ្ញុំឱ្យសោះ ។ ខ្ញុំមិនមែនកូនសិស្សចេញពីបុរី វីឡា ផ្ទះល្វែងឡើយ ខ្ញុំជាសិស្សចេញពីសាលាត្រឹមត្រូវ » ។
នេះជាលើកដំបូងហើយដែលតួល្ខោនយីកេល្បីឈ្មោះ ឃួន ដារិទ្ធ បានចេញមុខបង្ហាញអារម្មណ៍ពិតរបស់ខ្លួនបន្ទាប់ពីប្រលូកក្នុងវិស័យនេះអស់ពេលជាច្រើនឆ្នាំ ។ អ្នកគាំទ្រក៏ដូចជាមិតសិល្បករជាច្រើនបានផ្ញើសារលើកទឹកចិត្ត ឱ្យលោក ឃួន ដារិទ្ធ រឹងមាំឡើង ហើយបន្តការងារនេះតទៅមុខទៀត កុំចុះចាញ់នឹងសម្តីមិនបានការរបស់ជនមួយចំនួន ៕





