ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់ពេលជាច្រើនខែដែលមានតារាកំពូលសម្រស់ចូលរួមដណ្តើមមកុដ Miss Universe Cambodia 2025 ដូចជាកញ្ញា សុខគា គីមលាង , ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ហ្វីយ៉ាណា ជាដើមនោះ… ទីបំផុតតារាស្រីដែលមានរូបសម្រស់ស្រស់សោភា ហ្វីយ៉ាតា បានគ្រងមកុដ Miss Universe Cambodia 2025 តាមក្តីស្រមៃខ្លួនហើយ ខណៈដែលនាដការីរបាំបុរាណ សុខគា គីមលាង ជាប់លំដាប់រងទី១ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី១២ ខែ កញ្ញា ។

សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Miss Universe Cambodia 2025 គឺមានបេក្ខភាពខ្លាំងៗជាច្រើនចូលរួមប្រកួតប្រជែងដើម្បីដណ្តើមមកុដតំណាង កម្ពុជា ទៅឆាកអន្តរជាតិ សម្រាប់បេក្ខភាពដែលគ្រងមកុដនៅក្នុងឆ្នាំនេះបន្ទាប់ពីអ្នកនាង ប្រាសាទ ដាវីន គឺកញ្ញា ហ្វីយ៉ាតា ដែលមានទាំងចំណេះដឹង ភាសា និង រូបសម្រស់ ។ ជាមួយនិងការគ្រងមកុដនេះកញ្ញា ហ្វីយ៉ាតា ប្តេជ្ញាចិត្តធ្វើឱ្យបានល្អក្នុងការនាំ កម្ពុជា ទៅឆាកអន្តរជាតិ ជាពិសេសនាងនឹងប្រើសម្លេងរបស់ខ្លួនឱ្យមានប្រយោជន៍ដល់សង្គមជាតិ ។
ខណៈដែលកញ្ញា ហ្វីយ៉ាតា គ្រងមកុដ Miss Universe Cambodia 2025 ក្រលេកមកមើលនាដការីរបាំបុរាណ កញ្ញា សុខគា គីមលាង បានត្រឹមតែលំដាប់រងទី១ប៉ុណ្ណោះ និងលំដាប់រងទី២បានទៅលើ ពេជ្រ វត្តីសារ៉ាវឌ្ឍី ទោះជាមិនបានគ្រងមកុដ តែកញ្ញា សុខគា គីមលាង បានបង្ហាញនូវក្តីរំភើប ព្រោះជាលើកដំបូងសម្រាប់ខ្លួនក្នុងវិស័យបវរកញ្ញា ដោយកញ្ញាចាត់ទុកថាជាបទពិសោធមួយដ៏ធំធេងនៅក្នុងជីវិត ។
ថ្វីដ្បិតតែពេលនេះកញ្ញា ហ្វីយ៉ាតា ក្លាយជាម្ចាស់មកុដ Miss Universe Cambodia 2025 ក៏ពិតមែន នាងនៅតែបន្តខំប្រឹងពង្រឹងសមត្ថភាពខ្លួនឱ្យកាន់តែខ្លាំងក្លាឡើង ទាំងការទំនាក់ទំនង ការឆ្លើយសំណួរ និងការដើរម៉ូដជាដើម ។ ហ្វីយ៉ាតា ក៏ត្រៀមអ្វីពិសេសៗជាច្រើនទៀតដើម្បីឡើងទៅឆាកអន្តរជាតិជាលើកដំបូង ដោយនាងរំពឹងថា កម្ពុជា អាចនឹងចូលទៅដល់ Top សំខាន់ៗនៅក្នុងឆ្នាំនេះ ៕

