Online Scams! មន្ត្រីជាន់ខ្ពស់ចិនមកកម្ពុជា ដើម្បីសហការពន្លឿនលើករណីពលរដ្ឋចិនខុសច្បាប់ដែលត្រូវបណ្តេញពីកម្ពុជាឱ្យឆាប់ជាបន្តបន្ទាប់

ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូដឹកនាំដោយ លោក LOU Xiandi អគ្គនាយកគ្រប់គ្រងមណ្ឌលប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងអ៉ីនធើណេត នៃក្រសួងសន្តិសុខសាធារណ:ចិន។

ក្នុងជំនួបពិភាក្សា គឺផ្តោតសំខាន់លើការបន្តកិច្ចសហប្រតិបត្តិការក្នុងការពន្លឿនការផ្តល់ឯកសារធ្វើដំណើរដល់ពលរដ្ឋចិន ដែលស្នាក់នៅ ធ្វើការខុសច្បាប់ពាក់ព័ន្ធ Online Scams និងការសម្របសម្រួលដល់ពលរដ្ឋចិន ដែលត្រូវអនុវត្តនីតិវិធីបណ្តេញពីកម្ពុជា ឲ្យឆាប់ជាបន្តបន្ទាប់។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទីទី២២ ខែមករា ឆ្នាំ២០២៦ កម្ពុជាបានបណ្តេញ ជនបរទេសសរុបចំនួន១៦២០នាក់មាន២១សញ្ជាតិដូចជា៖ ជនជាតិវៀតណាម ថៃ ចិន ប៉ាគីស្ថាន ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង និងជនជាតិភូមាជាដើម។

ក្នុងប្រតិបត្តិការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេសក្នុងរយៈពេល៧ខែចុងក្រោយនេះ សមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនជនសង្ស័យចំនួន៥១០៦នាក់ មាន២៣សញ្ជាតិ និងបណ្តេញចេញទៅប្រទេសដើមវិញចំនួន៤៥៣៤នាក់។ ជាមួយគ្នានេះ តុលាការកម្ពុជា ក៏បានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងធំៗចំនួន ៣៧ករណី ហើយផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន១៧២នាក់ផងដែរ។

ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ ក្រុមសមត្ថកិច្ចជំនាញនៃក្រសួង ស្ថាប័នពាក់ព័ន្ធ និងកំលាំងសមត្ថកិច្ចចម្រុះទូទាំងប្រទេស ដោយធ្វើការសហការជាមួយប្រទេសដៃគូនានា នឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕

5
Promotion