នៅលើបណ្តាញសង្គមនៅយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីនិយោជក និងភាគីសហជីព ដែលតំណាងកម្មករនិយោជិត ពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិត នៅក្នុងរយៈពេលអន្តរកាលនេះឱ្យបានឆាប់បំផុត ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថាភាគីនិយោជក និងភាគីសហជីព នឹងអាចរកបាននូវចំណុចប្រសព្វសមរម្យមួយ ដែលអាចជួយសម្រាលបន្ទុកថ្លៃធ្វើដំណើររបស់កម្មករផង និងអាចរក្សាបាននូវភាពប្រកួតប្រជែងនៃឧស្សាហកម្មរបស់កម្ពុជាផង។

គួរបញ្ជាក់ថា សង្គ្រាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ បានធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ ប្រេងឥន្ធនៈនៅទូទាំងពិភពលោក ។ បើតាម ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ប្រទេសកម្ពុជា កំពុងជំរុញការនាំចូលបន្ថែមពីក្រុមហ៊ុនផ្គត់ផ្គង់ នៅក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដើម្បីបំពេញបន្ថែមការខ្វះខាតការផ្គត់ផ្គង់ពីវៀតណាម និងចិន ។
ឯកឧត្តម បានបញ្ជាក់ថា កម្ពុជានៅតែអាចនាំចូលប្រេងឥន្ធនៈក្នុងបរិមាណតិចតួចពីប្រទេសចិន។ ប៉ុន្តែដោយសារតែមានភាពជាដៃគូរឹងមាំជាមួយក្រុមផ្គត់ផ្គង់សកល Total និង Chevron ដូច្នេះអាចកាត់បន្ថយហានិភ័យមួយចំនួន៕
