រឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយមីក្រូហ្វូនថតជាប់សំឡេងមេដឹកនាំចិន និងរុស្សុី នៅពេលដើរទន្ទឹមគ្នាជាមួយមេដឹកនាំកូរ៉េខាងជើង កាលពីថ្ងៃពុធ ទី៣ ខែកញ្ញា កំពុងជជែកគ្នាពីការវះកាត់ប្ដូរសរីរាង្គ និងលទ្ធភាពដែលមនុស្សអាចរស់នៅបានដល់អាយុ១៥០ឆ្នាំ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា មីក្រូហ្វូនថតជាប់សំឡេងជជែកគ្នារបស់មេដឹកនាំទាំងពីរកើតមានឡើងក្នុងពេលលោក វ្ល៉ាឌីមៀ ពូទីន និងលោក ស៊ី ជីនពីង បានដើរទន្ទឹមគ្នានឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯពិធីព្យុហយាត្រាយោធារបស់ចិនរំឮកដល់ខួប៨០ឆ្នាំនៃការបិទបញ្ចប់សង្រ្គាមលោកលើកទី២។
ការថតជាប់សំឡេងជជែកគ្នារវាងលោក ពូទីន និងលោក ស៊ី ជីនពីង ពេលកំពុងផ្សាយផ្ទាល់ត្រូវបានផ្ដល់ដោយទូរទស្សន៍រដ្ឋចិន CCTV ទៅឱ្យប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតក្នុងនោះរួមមានទាំង AP និង Reuters។
តាមសំឡេងដែល មីក្រូហ្វូនថតជាប់ ពេលលោក ពូទីន និងលោក ស៊ី ដើរទន្ទឹមគ្នាឆ្ពោះទៅកាន់ទីលាន Tiananmen អ្នកបកប្រែរបស់លោក ពូទីន ត្រូវបានគេស្ដាប់ឮថាបានបកប្រែជា ភាសាចិនថា «ជីវបច្ចេកវិទ្យាកំពុងបន្តអភិវឌ្បន៍»។ «សរីរាង្គរបស់មនុស្សអាចត្រូវបានវះកាត់ប្ដូរដែលអាចធ្វើឱ្យមានអាយុវែង កាន់តែក្មេងជាងវ័យ និងរហូតដល់អាចមាន ជីវិតអមតៈក៏ថាបាន»។
ជាការឆ្លើយតប លោក ស៊ី ជីនពីង ត្រូវបានគេស្ដាប់ឮឆ្លើយតបជាភាសាចិនថា «មានការព្យាករខ្លះថានៅក្នុងស.វនេះមនុស្សប្រហែលជាអាចរស់នៅបានដល់អាយុ ១៥០ឆ្នាំ»។ ចំណែក លោក គីម ជុងអ៊ុន វិញបានញញឹម និងសម្លឹងទៅកាន់លោក ពូទីន និងលោក ស៊ី ជីនពីង៕
