រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឯកភាពលើគម្រោងផ្តល់កម្ចីវត្ថុបុរាណពីសំរឹទ្ធចំនួន១៥០រូបទៅដាក់តាំងបង្ហាញនៅប្រទេសចិនចំនួន៣ទីតាំង ដោយចាប់ផ្តើមចេញពីសារមន្ទីរខេត្តហ័រពៃ នាចុងឆ្នាំ២០២៦ខាងមុខនេះ។
ក្រសួងវប្បធម៌ បានឱ្យដឹងថា កាលពីនារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបក្រុមការងារក្រុមហ៊ុន Angkor International Cultural Investment and Development (Cambodia) ដើម្បីរាយការណ៍ពីបច្ចុប្បន្នភាពការងារមួយចំនួនដែលក្រុមហ៊ុន អនុវត្តកន្លងមក ជាពិសេសគឺគម្រោងផ្តល់កម្ចីវត្ថុបុរាណពីកម្ពុជា។
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានបង្ហាញពីការគាំទ្រលើគម្រោងផ្តល់កម្ចីនេះ ដោយហេតុថា ការដាក់តាំងបង្ហាញនេះជាឱកាសក្នុងការផ្សព្វផ្សាយពីមរតកវប្បធម៌ខ្មែរដល់ប្រជាជនចិនដែលពុំទាន់មានពេលវេលាមកទស្សនាប្រទេសកម្ពុជា។
ទន្ទឹមនោះផងដែរ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានស្នើឲ្យភាគីក្រុមហ៊ុនផ្តល់កិច្ចសហប្រតិបត្តិការក្នុងការរៀបចំកម្មវិធីវប្បធម៌នានានៅក្នុងទីតាំងរបស់ក្រុមហ៊ុនក្នុងខេត្តសៀមរាប ហើយសុំឲ្យភាគីចិនជួយថែទាំវត្ថុបុរាណខ្មែរឲ្យមានសុវត្ថិភាពខ្ពស់នាកំឡុងពេលខ្ចី។ ដោយឡែកខ្លឹមសារនៃការដាក់តាំង គួរមានការពិគ្រោះយោបល់ជាមួយអ្នកជំនាញរបស់ក្រសួង។
ក្នុងកិច្ចពិភាក្សានេះដែរ លោកជំទាវបានបញ្ជាក់ថា ក្រសួងផ្តល់ការគាំទ្រចំពោះសកម្មភាពដែលក្រុមហ៊ុនបានធ្វើទាក់ទងការផ្សព្វផ្សាយពីវប្បធម៌នៃប្រទេសទាំងពីរ ជាពិសេសគឺដំណើរការនៃការបើកសារមន្ទីរជីវតាក្វាន់ នាពេលអនាគត៕





