លោកបណ្ឌិត យង់ ពៅ អ្នកវិភាគនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា លោក ម៉ានូអែល ម៉ាក្រុង (Manuel Marcron) ប្រធានាធិបតីបារាំង មិនអាចយល់ព្រមសម្រួលជាមួយថៃ ដោយប្រាសចាកពីការទទួលស្គាល់សន្ធិសញ្ញានិងផែនទីបារាំង-សៀម ឆ្នាំ១៩០៤, ១៩០៧ ដែលជាប់ពាក់ព័ន្ធនឹងការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម បានបន្សល់នូវសន្ធិសញ្ញា កិច្ចព្រមព្រៀង ផែនទីកំណត់ព្រំដែនបារាំង(ក្នុងនាមកម្ពុជា)-សៀម ដែលមានមាត្រដ្ឋាន ១/២០០.០០០ ចំនួន៧ផ្ទាំង ធ្វើឡើងដោយគណៈកម្មការចម្រុះ បារាំង-សៀម ឆ្នាំ១៩០៧-១៩០៨ (Secteur 1, 3, 4, 5) និងឆ្នាំ១៩០៨-១៩០៩ (Secteur 2) និងផ្ទាំងដងរែក (Dangrek), ផ្ទាំងខូង (Khong) និងបានបោះបង្គោលព្រំដែន ចំនួន៧៤បង្គោល (១៩១៩-១៩២០)។
លោកបណ្ឌិត យង់ ពៅ បន្តថា ក្រោយពីបញ្ចប់សម័យកាលអាណានិគម បណ្ដារដ្ឋទាំងអស់ ត្រូវគោរពនូវគោលការណ៍ច្បាប់អន្តរជាតិមួយពាក់ព័ន្ធនឹងព្រំដែនគឺ «គោលការណ៍ខ្សែព្រំដែនមិនកែប្រែ» ដែលភាសាឡាតាំងសរសេរថា «Uti Possidetis» មានន័យថាបន្តទទួលស្គាល់និងគោរពនូវព្រំដែនដែលបានកំណត់ដោយម្ចាស់អាណានិគម ដែលរួមមាន៖ សន្ធិសញ្ញា អនុសញ្ញា ផែនទី និងឯកសារពាក់ព័ន្ធនានា (ក្នុងនោះមានសន្ធិសញ្ញាឆ្នាំ១៩០៧ផងដែរ)។
ក្នុងន័យនេះប្រសិនបើភាគីថៃពឹងពាក់បារាំងឱ្យសម្របសម្រួលវិវាទព្រំដែន កម្ពុជា-ថៃ ដែលភាគីថៃខ្លួនឯងប្រើផែនទីឯកតោភាគី (សម្តេចតេជោ ហ៊ុន សែន ហៅថា ផែនទីចោរ) នោះបានបង្ហាញថា ថៃពិតជាជាតិសាសន៍មិនដឹងអី មិនស្គាល់ច្បាប់អន្តរជាតិ មិនស្គាល់ប្រវត្តិសាស្ត្រ មិនស្គាល់បុព្វបុរសខ្លួន ហើយបែរជាទៅហៅបារាំងដែលជាមហាអំណាច ឱ្យធ្វើតាមមហិច្ឆតាមិនដឹងអីរបស់ខ្លួន (ថៃ) ម្តេចនឹងកើត?
បើមិនកែប្រែឥរិយាបថ ថៃនឹងក្លាយជាជាតិសាសន៍ដែលបែកបាក់ ហើយអាចនឹងឈានទៅពុះចែកសង្គមកាន់តែជ្រៅ ឬហៅថាផលជះអាក្រក់និងរងបណ្ដាសារប្រវត្តិសាស្ត្រ។