លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងលោក លាង ដឺលុច នាយកប្រតិបត្តិ បានចេញ ដំណើរទៅចូលរួមក្នុង «វេទិកាសារព័ត៌មានផ្លូវមួយខ្សែក្រវាត់មួយ» រយៈពេល១សប្តាហ៍ នៅក្នុងខេត្តជាំងស៊ី ប្រទេសចិនចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។

វេទិកាអន្តរជាតិនេះនឹងប្រព្រឹត្តិទៅក្រោមមូលបទ៖ «ការលើកកម្ពស់កិច្ចសន្ទនាលើអរិយធម៌ និង ទំនើបភាវូបនីយកម្មសកលជាមួយនឹងអំណាចរបស់អ្នកសារព័ត៌មាន»។
វេទិកានេះត្រូវបានរៀបចំដោយសមាគមអ្នកសារព័ត៌មានចិន (All-China Jouenalists Association) ដែលមានសមាជិករបស់ខ្លួនរហូតដល់ជាង១លាននាក់។ អ្នកសារព័ត៌មានអន្តរជាតិប្រមាណ១០០នាក់ មកពីជុំវិញពិភពលោក, រួមទាំងអ្នកសារព័ត៌មានជាន់ខ្ពស់ និងអ្នកជំនាញរបស់ប្រទេសចិនប្រមាណ១០០នាក់ ផ្សេងទៀតត្រូវបានអញ្ជើញឱ្យចូលរួមវេទិកាខាងលើនេះផងដែរ។
ក្រៅពីនេះ កិច្ចពិភាក្សាជាច្រើននឹងត្រូវផ្តោតលើតួនាទីអ្នកសារព័ត៌មានក្នុងការលើកកម្ពស់គំនិតផ្តួចផ្តើមផ្លូវ មួយខ្សែក្រវាត់មួយនៅតាមបណ្តាប្រទេសជាង១០០ដែលជាសមាជិកនៃវិថីសូត្ររបស់ចិន។
លោក ពុយ គា បានថ្លែងថា៖ «ក្លិបអ្នកកាសែតកម្ពុជានឹងយកឱកាសចូលរួមវេទិកាអន្តរជាតិមួយនេះ ដើម្បីពង្រីកទំនាក់ទំនងជាមួយសមាគម និងអ្នកសារសព័ត៌មានជាច្រើនទៀតនៅក្នុងពិភពលោក ក្នុងគោល បំណងផ្លាស់ប្តូរបទពិសោធន៍ ពង្រីកសមត្ថភាព និងពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជារបស់យើង»។
លើសពីនេះ វេទិកាពិភាក្សា អ្នកសារព័ត៌មានអន្តរជាតិទាំងអស់ក៏មានឱកាសស្វែងយល់ និងទស្សនាទិដ្ឋភាព នៃខេត្តជាំងស៊ី ជីវភាពប្រជាជន អាជីវកម្ម និងវប្បធម៌របស់ខេត្តនេះផងដែរ។
សូមជម្រាបថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកសារព័ត៌មានចិន បានចាប់ដៃជាមួយគ្នា ហើយស្ថាប័នទាំងពីរគ្រោងនឹងចុះហត្ថលេខាលើកិច្ចសហការផ្នែកវិស័យព័ត៌មាន នៅក្នុងឆ្នាំនេះដើម្បីបម្រើផលប្រយោជន៍ នៃអ្នកសារព័ត៌មានរបស់ប្រទេសទាំងពីរទៀតផង៕
ដោយ ៖ ផុន លីហ្សា
