ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះ កម្ពុជានាំចេញទំនិញគិតទឹកប្រាក់ជាង ២០ពាន់លានដុល្លារទៅកាន់ទីផ្សារអន្តរជាតិ កើនឡើង១៤.៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានទំហំប្រមាណជាង ១៧ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
របាយការណ៍ដដែល បានបញ្ជាក់ថា ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥ ការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិសម្រេច ២០.១៨ពាន់លានដុល្លារ ដែលធ្វើឱ្យកម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិក្នុងទំហំជាង៤២.១៥ពាន់លានដុល្លារ កើនឡើង១៥.៥%។
សហរដ្ឋអាមេរិក គឺជាទីផ្សារចម្បងដែលកម្ពុជានាំចេញទំនិញច្រើនជាង មានបរិមាណរហូតដល់ ៨.៣ពាន់លានដុល្លារ កើនឡើង២៣.២%។ បន្ទាប់មកគឺ វៀតណាម មានតម្លៃ ២.៧ពាន់លានដុល្លារ កើនឡើង១១.៥%, ចិនមានតម្លៃជាង ១ពាន់លានដុល្លារ, ជប៉ុនជាងពាន់លានដុល្លារ, អេស្ប៉ាញ ជាង៧៧០លានដុល្លារ, និងបណ្តាប្រទេសសំខាន់ៗមួយចំនួនទៀត ដូចអង់គ្លេស ថៃ បារាំង បែលហ្ស៊ិក អ៊ីតាលី កូរ៉េខាងត្បូង ម៉ិកស៊ិក អូស្ត្រាលី ជាដើម។
ទំនិញសំខាន់ដែលកម្ពុជា នាំចេញភាគច្រើន គឺ សម្លៀកបំពាក់,វត្ថុធ្វើអំពីស្បែក, បរិក្ខារធ្វើពីរោមសត្វ, គ្រឿងប្រដាប់សម្រាប់ការធ្វើដំណើរ កាបូបដៃ និងវត្ថុសម្រាប់វេចខ្ចប់ប្រហាក់ប្រហែល, ស្បែកជើង, ធញ្ញជាតិ, កៅស៊ូ ,គ្រឿងសង្ហារឹម, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់ឧបករណ៍អគ្គិសនី និងផ្លែឈើ៕