រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា របស់នាយឧត្តមសេនីយ៍ មីង អ៊ុងឡាំង បានប្រកាសបិទបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីពង្រឹងការត្រៀមលក្ខណៈរៀបចំការបោះឆ្នោតសកលនៅអំឡុងចុងឆ្នាំនេះ។

ទីភ្នាក់ងារព័ត៌មាន AFP ចេញផ្សាយដោយស្រង់សម្តីអ្នកនាំពាក្យរដ្ឋាភិបាលយោធា លោក Zaw Min Tun បានប្រាប់អ្នកសារព័ត៌មានថា ការដាក់ប្រទេសក្នុងគ្រាអាសន្ន ត្រូវបានលុបចោលនាថ្ងៃទី៣១ ខែកក្កដានេះ ដើម្បីឱ្យមីយ៉ាន់ម៉ាត្រៀមរៀបចំការបោះឆ្នោត លើគន្លងផ្លូវឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
គួរឲ្យដឹងថា របបយោធាមីយ៉ាន់ម៉ា ដែលដឹកនាំដោយប្រមុខក្រុមប្រឹក្សារដ្ឋលោក មីង អ៊ុងឡាំង បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន តាំងតែពីខែកុម្ភៈ ឆ្នាំ២០២១ នៅពេលដែលខ្លួនធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៉ីវិល ដឹកនាំដោយលោកស្រី អោងសាន ស៊ូជី ហើយក្រោយមក បាននាំផ្ទុះសង្រ្គាមស៉ីវិលរហូតមកទល់បច្ចុប្បន្ន។
ការដាក់ប្រទេសក្នុងគ្រាអាសន្ន បានផ្តល់ឱ្យប្រមុខរដ្ឋាភិបាលយោធា មីង អ៊ុងឡាំង នូវអំណាចកំពូលលើស្ថាប័ននីតិប្រតិបត្តិ នីតិបញ្ញត្តិ និងតុលាការ ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះ លោកបានលើកឡើងថា ការបោះឆ្នោតគឺជាច្រកចេញសម្រាប់ជម្លោះរ៉ាំរ៉ៃនៅក្នុងប្រទេស៕


