អ្នកនាង ម៉ាណូឡែន ភរិយារបស់តារាចម្រៀងរ៉េប kingChi បានបង្ហាញនូវអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំងខណៈពេលដែលខ្លួនកំពុងស្ថិតនៅលើគ្រែពេទ្យ បន្ទាប់ពីឃើញស្វាមីលំបាកនៅក្នុងការរកប្រាក់ដើម្បីឱ្យខ្លួនប្តូរក្រលៀនឱ្យខ្លួន បន្ទាប់ពីមានជំងឺដ៏កាចសាហាវ ។

អ្នកនាង ម៉ាណូឡែន បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលចិត្តខណៈដែលខ្លួនកំពុងស្ថិតនៅលើគ្រែពេទ្យថា « អរគុណអ្នករាល់គ្នាសម្រាប់ពាក្យលើកទឹកចិត្ត និងអរគុណប្តីសម្លាញ់តែងតែនៅក្បែរអូនមិនបោះបង់អូន » ។
ជាមួយនិងអារម្មណ៍ក្តុកត្តួលចិត្តបែបនេះ តារាចម្រៀងរ៉េប kingChi បានតបទៅភរិយាជាទីស្រឡាញ់របស់ខ្លួនវិញថា « មើលគេនិយាយ ! ឱ្យបងបោះបង់អូនយ៉ាងម៉េច ? បោះបង់អូនដូចបោះបង់ចោលគ្រាប់ពេជ្រអីចឹង សម្រាប់បង គឺអូនវិសេសជាងអ្វីៗទាំងអស់ ប្រពន្ធសម្លាញ់ » ។
ការពិតអ្នកនាង ម៉ាណូឡែក ដែលជាភរិយាតារាចម្រៀងរ៉េប kingChi គឺបានធ្លាក់ខ្លួនឈឺយូរមកហើយ ជាក់ស្តែងកាលពីដើមឆ្នាំ២០២៥ ភរិយារបស់លោក kingChi ធ្លាប់បានប្រកាសដាក់សេងនិងលក់ហាងសាឡនរបស់ខ្លួនជាបន្ទាន់ ដើម្បីយកប្រាក់មើលជំងឺខ្សោយតម្រងនោម គ្រាន់តែពេលនោះ ពុំសូវមានអ្នកចាប់អារម្មណ៍ ទើបតែក្នុងអំឡុងខែ ឧសភា នេះស្រាប់តែជំងឺរបស់ភរិយាលោក kingChi កាន់តែធ្ងន់ធ្ងរឡើងរហូតលោកបានប្រកាសត្រូវការប្រាក់បន្ទាន់ដើម្បីធ្វើការវះកាត់ប្តូរក្រលៀន ។
តារាចម្រៀងរ៉េបលោក kingChi បានប្រកាសជាសាធារណៈថា លោកត្រូវការលក់ផ្ទះបន្ទាន់តម្លៃក្រោមទីផ្សារ យកលុយវះកាត់ប្តូរក្រលៀនឱ្យភរិយា ។ គ្រាន់តែឃើញតារាចម្រៀងរ៉េបលោក kingChi ប្រកាសបែបនេះធ្វើឱ្យសិល្បករនិងសប្បុរសជនជាច្រើនមានការតក់ស្លុត និងបានជួយជាថវិការផ្ទាល់ខ្លួនខ្លះៗតាមលទ្ធភាព ។
តារាចម្រៀងរ៉េបលោក kingChi បានរៀបការជាមួយអ្នកនាង ម៉ាណូឡែក ជាង៧ឆ្នាំមកហើយដោយទទួលបានចំណងដៃកូនប្រុសចំនួន២នាក់ ។ ភរិយារបស់លោកគឺជាថៅកែហាងសាឡនមួយកន្លែង ក្រោយពីមានបញ្ហាសុខភាព ភរិយាលោកបានប្រកាសសេងនិងលក់ហាងសម្រាកនិងព្យាបាលជំងឺ ។ ថ្វីដ្បិតតែពេលនេះភរិយាលោក kingChi កំពុងសម្រាកព្យាបាលជំងឺនិងរងចាំប្រាក់គ្រប់គ្រាន់ក្នុងការត្រៀមប្តូរក្រលៀន លោក kingChi នៅតែបន្តធ្វើការងារចម្រៀងរបស់ខ្លួនដូចដើម ដើម្បីសន្សំប្រាក់ឱ្យបានច្រើនទុកសម្រាប់ព្យាបាលជំងឺភរិយា និងដោះស្រាយជិវភាពនៅក្នុងគ្រួសារ ៕




