ខណៈពេលដែល សមាគមសិល្បករខ្មែរ បើកកិច្ចប្រជុំការងារជាមូយសមាជិករបស់ខ្លូនក្នុងរយៈពេលមួយឆ្នាំ នៅថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០២៥ នេះ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានលើកចំៗថា « បើមានអ្វីយើងលើកយកមកជជែកគ្នាដោយបើកចំហ ! » ។

អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានមានប្រសាសន៍ថា ៖« រយៈពេលមួយឆ្នាំហើយ ដែលបងប្អូនសមាជិកសកម្មភាគច្រើនបានចូលរួមយ៉ាងសកម្មភាពជាមួយនឹងសមាគមសិល្បករខ្មែរ នៅក្នុងអាណត្តិទី៦ ដែលដឹកនាំដោយនាងខ្ញុំផ្ទាល់ ។ ថ្វីដ្បិតថា យើងមានសកម្មភាពច្រើន និងបានជួបគ្នាច្រើន ប៉ុន្តែខ្ញុំដឹងយ៉ាងច្បាស់ថា យើងមិនមានពេលបានជជែកគ្នា និងស្វែងយល់ពីគ្នាច្រើននោះទេ។ ដូច្នេះការជួបគ្នានៅថ្ងៃនេះអាចនិយាយបានថា ជាពេលវេលាដ៏ពិសេសមួយ ដែលយើងអាចមានពេលជជែកគ្នា ផ្តល់យោបល់កែតម្រូវគ្នាដោយផ្ទាល់ ឬក៏មានរឿងក្នុងចិត្តអ្វីចង់និយាយ អាចនិយាយដោយបើកចំហ » ។
លទ្ធផលនៅក្នុងកិច្ចប្រជុំនេះ សមាជិកសកម្មភាពភាគច្រើនចូលរួមផ្តល់មតិយោបល់ គំនិតកែលម្អ និងលើកឡើងពីទិសដៅដែលត្រូវធ្វើឱ្យចំគោលដៅនាពេលបច្ចុប្បន្ន និងពេលខាងមុខ។
អ្នកឧកញ៉ា ម៉ៅ ចំណាន ថែមទាំងបានបញ្ជាក់ថា លោកជំទាវនឹងខិតខំឱ្យខ្លាំងបន្ថែមលើគ្រឹះការងារដែលបានខិតខំកសាងមួយឆ្នាំមកនេះ ហើយព្យាយាមជំរុញសកម្មភាពសិល្បៈឱ្យកាន់តែច្រើនលើគ្រប់វិស័យ ទាំងវិស័យចម្រៀង ភាពយន្ត សម្តែង ដើរម៉ូដ និងពិសេសសិល្បៈបុរាណ ។ ក្នុងនោះក៏ព្យាយាមស្វែងរកនូវអ្វីដែលជាផលប្រយោជន៍ឱ្យកាន់តែច្រើនបន្ថែមទៀតជូនដល់សិល្បករសិល្បការិនី ពិសេសរៀមច្បងដែលមានអាយុកាន់តែច្រើន ៕







