ឆ្នាំណាក៏ដូចឆ្នាំណា ស៊ីន យូប៊ីន ធ្វើឱ្យបរទេសសរសើរជាមួយឈុតសម្លៀកបំពាក់ច្នៃយ៉ាងប្រណិតដោយស្នាដៃផ្ទាល់ ! 

រយៈពេល៣ឆ្នាំមកហើយដែលតារាសម្តែង ស៊ីន យូប៊ីន ទទួលបានពានរង្វាន់ជាប់ៗគ្នានៅក្នុងព្រឹត្តិការណ៍ HOFS នៅប្រទេស សិង្ហបុរី ជាក់ស្តែងរាល់ពេលទទួលពានរង្វាន់ម្តងៗនាងបានច្នៃម៉ូដសម្លៀកបំពាក់ប្លែកៗដោយស្នាដៃខ្លួនឯងផ្ទាល់ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវអន្តរជាតិ ។

ឈុតសម្លៀកបំពាក់ដែលតារាស្រី ស៊ីន យូប៊ីន គ្រងនៅក្នុងថ្ងៃទទួលពានរង្វាន់ពីព្រឹត្តិការណ៍ HOFS ( Hall of Fame Singapore ) គឺច្នៃយ៉ាងប្រណិតចេញពីស្នាដៃរបស់នាងពិតៗ ដោយនាងបានរំលេចជាមួយរូបតំណាង២៥ខេត្តក្រុងនៃប្រទេស កម្ពុជា មានទាំង ព្រះបរមរាជវាំង រូបតាដំបងគ្រញូង រូបឆ្នាំងដី និង រូបសត្វព្រាប ដើមត្នោត និងឆ្នេរខ្សាច់សក្បុសនៃកោះរ៉ុង និងរូបផ្សេងៗជាច្រើនទៀត …។ 

ស្នាដៃថ្មីរបស់កញ្ញា ស៊ីន យូប៊ីន បានធ្វើឱ្យបរទេសស្ងើចសរសើរគ្រប់ៗគ្នា ជាពិសេសគឺក្នុងឆ្នាំនេះតែម្តង ។ ជាមួយក្តីរំភើបនេះកញ្ញា ស៊ីន យូប៊ីន ប្តេជ្ញាចិត្តថា នឹងនាំ កម្ពុជា ទៅឆាកអន្តរជាតិជាបន្តបន្ទាប់ តាមអ្វីដែលខ្លួនអាចធ្វើបាន ។ 

មិនត្រឹមតែបរទេសប៉ុណ្ណោះទេដែលសរសើរពីស្នាដៃ ស៊ីន យូប៊ូន ក្នុងការច្នៃម៉ូដសម្លៀកបំពាក់យ៉ាងប្រណិតនេះឡើង សូម្បីតែអ្នកគាំទ្រនៅក្នុងប្រទេស ក៏លាន់មាត់សរសើរនាងគ្រប់ៗគ្នាដែរ ។ នេះជាឆ្នាំទី៣ហើយសម្រាប់តារាស្រីដ៏មានប្រជាប្រិយភាព ស៊ីន យូប៊ីន ទទួលបានពានរង្វាន់ដ៏អស្ចារ្យនេះ ។ នាងត្រៀមនឹងបង្ហាញស្នាដៃធំៗជាច្រើនទៀតក្នុងពេលឆាប់ៗខាងមុខ ៕