មុននឹងមានបានដូចសព្វថ្ងៃនេះតារាចម្រៀងនិងពិធីការិនី សុភ័ក្រ្ត កុសុម៉ា ធ្លាប់ឆ្លងកាត់ជីវិតតស៊ូ និងជូរចត់ជាច្រើនជាមួយម្តាយរបស់ខ្លួន ទាំងដើរលក់បន្លែតាមផ្សារនិងរកស៊ីផ្សេងៗ ជាពិសេសអ្វីដែលនាងឈឺចាប់បំផុតនៅពេលដែលមើលងាយខ្លួនថាមានសប្បុរខ្មៅ ។

សុភ័ក្រ្ត កុសុម៉ា បានតស៊ូនៅក្នុងវិស័យចម្រៀងតាំងពីនៅកុមារភាព ជាក់ស្តែងបទចម្រៀងជាច្រើនរបស់នាង បានធ្វើឱ្យនាងល្បីឈ្មោះទាំងក្នុងនិងក្រៅប្រទេស ។ ថ្វីដ្បិតតែមានឈ្មោះជាតារាចម្រៀងនៅក្នុងផលិតកម្មក៏ពិតមែន តែមានអ្នកមើលងាយពណ៌សប្បុរនិងមិនសូវផ្តល់តម្លៃដល់រូបនាងឡើយ ប៉ុន្តែឧបសគ្គទាំងនោះមិនបានធ្វើឱ្យនាងបោះបង់ក្តីស្រមៃខ្លួនឡើយ ផ្ទុយទៅវិញនាងបានតស៊ូ និងជំនះគ្រប់ឧបសគ្គរហូតជោគជ័យដូចសព្វថ្ងៃ ។
សុភ័ក្រ្ត កុសុម៉ា បានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា ជីវិតនាងធ្លាប់ឆ្លងកាត់ការលំបាកជាច្រើន តាំងពីតូចមក ដោយសារតែកត្តាជីវភាព និងម្តាយត្រូវតស៊ូធ្វើការងារយ៉ាងលំបាក មិនថាការងារអ្វីគឺនាងធ្វើទាំងអស់ សូម្បីតែពេលម្តាយខ្លួនទៅទិញបន្លែនៅផ្សារដើមគ យកមកលក់ក៏នាងមិនដែលត្អូញត្អែរដែរ នាងត្រូវធ្វើការងារទាំងអស់ជាមួយម្តាយ ។ ចំណែកអាជីពចម្រៀងវិញដើមឡើយក៏រកប្រាក់ចំណូលមិនបានច្រើនដែរ ពេលខ្លះត្រូវគេមើលងាយផង ពេលខ្លះច្រៀង ឬ ថត បានលុយតិចក៏មានដែរ …គឺមានគ្រប់រសជាតិ ។
សុភ័ក្រ្ត កុសុម៉ា មិនមានអារម្មណ៍អៀនខ្មាស់នៅពេលដែលបង្ហាញការពិតថាខ្លួនធ្លាប់ដើរលក់បន្លែជាមួយម្តាយនោះទេ ផ្ទុយទៅវិញនាងបែរជារីករាយជាមួយជីវិតតស៊ូរបស់ខ្លួន រហូតធ្វើឱ្យខ្លួនមានបានដូចសព្វថ្ងៃនេះ ។
បច្ចុប្បន្ន សុភ័ក្រ្ត កុសុម៉ា មានគ្រប់បែបយ៉ាង មិនថាទ្រព្យសម្បត្តិ ផ្ទះសំបែង រថយន្ត និងអាជីវកម្ម នាងបាននិយាយថា អ្វីៗដែលនាងមានបានដូចសព្វថ្ងៃនេះ គឺកើតចេញពីការតស៊ូ ។
អ្វីដែល សុភ័ក្រ្ត កុសុម៉ា ចង់ផ្តាំផ្ញើទៅមហាជននោះ គឺនាងសុំចិត្តមហាជនមួយចំនួនកុំវាយតម្លៃអ្នកសិល្បៈតែសំបកក្រៅជាពិសេសគឺពណ៌សប្បុរ ម្នាក់ៗមានតម្លៃរៀងៗខ្លួន ដូចជារូបនាងជាដើម កាលពីក្មេងគឺមានសប្បុរខ្មៅ ត្រូវបានគេមើលងាយនិងមិនសូវផ្តល់តម្លៃ ៕



