កញ្ញា សារ៉ាន់ គីមឡាន ពិតមានសំណាងណាស់ ថ្វីដ្បិតតែមិនជាប់ក្នុងការប្រកួត Miss Cosmo Cambodia 2025 ក៏ពិតមែន ប៉ុន្តែនាងបែរជាសំណាងជាងបេក្ខភាពផ្សេងៗ ដោយត្រូវបានជ្រើសរើសគ្រងមកុដ Miss Earth Cambodia ២០២៥យ៉ាងភ្ញាក់ផ្អើលបំផុត ។

នៅថ្ងៃទី២២ខែ កក្កដា ឆ្នាំ២០២៥កន្លងមកនេះ កញ្ញា សារ៉ាន គីមឡាន ត្រូវបានស្ថាប័ន Miss Earth Cambodia ប្រកាសថា កញ្ញា សារ៉ាន់ គីមឡាន បានក្លាយទៅជាបវរកញ្ញាឯកនៃ Miss Earth Cambodia ២០២៥ ជាមួយនិងនិងការតាំងចិត្ត ពុះពារជំនះរាល់គ្រប់ឧបសគ្គ តំណាងឱ្យប្រទេស កម្ពុជា នឹងត្រូវចូលរួមប្រកួតនៅលើឆាក Miss Earth អន្តរជាតិនាពេលខាងមុខ ។
លោកស្រី Tiffany Vu នាយិការគ្រប់គ្រងកម្មវិធី Miss Earth Cambodia 2025 បានមានប្រសាសន៍ថា« ខ្ញុំពិតជារំភើបដែលបានឈរនៅចំពោះមុខអ្នករាល់គ្នានៅថ្ងៃនេះ ក្នុងនាមជានាយកថ្នាក់ជាតិនៃ Miss Earth Cambodia 2025។ ថ្ងៃនេះជាការចាប់ផ្តើមនៃជំពូកថ្មីដ៏បំផុសគំនិត ដែលប្រារព្ធវេទិកាដ៏មានឥទ្ធិពលសម្រាប់ស្ត្រីកម្ពុជាក្នុងការងើបឡើង ចែងចាំង និងដឹកនាំ » ។
កញ្ញា សារ៉ាន់ គីមឡាង ម្ចាស់ជ័យលាភីបវរកញ្ញាឯក Miss Earth Cambodia 2025 បានឱ្យដឹងថា ភាពស្រស់ស្អាត សំឡេងដ៏មានកម្លាំងសម្រាប់បរិស្ថាន គឺ កញ្ញាបានតាំងចិត្តខ្ពស់ដើម្បីទៅប្រកួតបន្តនៅលើឆាកអន្តរជាតិ ដោយនាងគ្រោងលើយកនូវប្រធានបទការការពារបរិស្ថាន និង ការទុកដាក់សំរាម ដើម្បីបញ្រ្ជាបការយល់ដឹងដល់យុវជន និងពលរដ្ឋបន្តថែរក្សាបរិស្ថានឱ្យបានស្អាតថែមទៀតផង ។
កញ្ញា សារ៉ាន់ គីមឡាន ត្រូវបានគេស្គាល់ថាជាបេក្ខភាពដ៏មានទេពកោសល្យដែលបានចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Cosmo Cambodia 2025 នាកន្លងមក តែជាលទ្ធផលនាងមិនមានសំណាងនឹងគ្រងមកុដនោះទេ ផ្ទុយទៅវិញនាងបែរជាមានសំណាងបានមកគ្រងមកុដ Miss Earth Cambodia 2025យ៉ាងភ្ញាក់ផ្អើលទៅវិញ ។
គួរបញ្ជាក់ផងដែរថា បវរកញ្ញាផែនដី គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិដ៏ធំចំនួនបួន ចាប់តាំងពីឆ្នាំ 2001 ជាមួយនឹងកេរ្តិ៍ដំណែលដ៏មានមោទនភាពក្នុងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនៅទូទាំងពិភពលោក ។ កញ្ញា សារ៉ាន់ គីមឡាង ម្ចាស់មកុដ Miss Earth Cambodia 2025 តំណាងអោយប្រទេស កម្ពុជា នឹងទៅចូលរួមការប្រកួតនៅឆាកអន្តរជាតិ Miss Earth 2025 នៅឯប្រទេស ហ្វីលីពីន ក្នុងពេលឆាប់ៗខាងមុខ ខណៈបេក្ខភាពបវរកញ្ញា២រូបទៀត គឺ កញ្ញា អាសូរ៉ា មូនីកា និង មាន សុវណ្ណរចនា ត្រឹមទទួលបានជ័យលាភីបវរកញ្ញាឯករង ៕




