ទោះបីជាខកខានក្នុងការឡើងឆាក កាន់ក្បាលមេក្រូជាង៧ឆ្នាំ តែតារាចម្រៀង ឈិត សុវណ្ណបញ្ញា នៅតែមានទឹកដមសម្លេងល្អ និងមានរូបសម្រស់ស្រស់ស្អាត បន្ទាប់ពីប្រកាសវិលត្រឡប់មកវិស័យចាស់វិញ ក្រោយវិប្បត្តិផ្លូវចិត្តបានធូរស្បើយ ។

មកទល់ពេលនេះមានរយៈពេលជាង៧ឆ្នាំហើយដែលតារាចម្រៀង ឈិត សុវណ្ណបញ្ញា បានបោះបង់អាជីពចម្រៀងចោល ដោយមិននឹកស្តាយស្រណោះ ដោយសារតែមានបញ្ហាជាច្រើនបានកើតឡើងចំពោះនាង ជាពិសេសគឺនាងមានវិប្បត្តិផ្លូវចិត្តធ្ងន់ធ្ងរ រហូតរត់រកព្រះធម៌ដើម្បីជួយសង្រ្គោះជីវិត ។ ដោយឡែកនៅក្នុងឱកាសបិណ្ឌ១នេះស្រាប់តែកញ្ញា ឈិត សុវណ្ណបញ្ញា បានប្រកាសជាសាធារណថា នាងវិលត្រឡប់មកវិស័យចម្រៀងវិញហើយ ដោយធ្វើជាតារាចម្រៀងឯករាជ្យ មិនចូលជ្រកក្នុងផលិតកម្មណាមួយទៀតទេ ។
កញ្ញា ឈិត សុវណ្ណបញ្ញា ថែមទាំងបានបញ្ជាក់ប្រាប់ពីមូលហេតុដែលនាងវិលត្រឡប់មកកាន់ក្បាលមេក្រូឡើងវិញថា មូលហេតុសំខាន់នោះគឺដោយសារអ្នកគាំទ្រនាងជាច្រើនបានសំណូមពរឱ្យនាងវិលត្រឡប់មកវិញ ពួកគេនៅតែស្រឡាញ់និងចង់ឃើញនាងក្នុងវិស័យនេះ ។
ជាមួយនិងការវិលត្រឡប់មកវិញនេះ កញ្ញា ឈិត សុវណ្ណបញ្ញា ថែមទាំងបានបង្ហាញនូវអារម្មណ៍រំភើប សប្បាយអរដូចកាលពីនាងចូលសិល្បៈដំបូង ដោយនាងបានសន្យាថានឹងធ្វើឱ្យបានល្អមិនឱ្យអ្នកគាំទ្រខ្លួនអស់សង្ឃឹមឡើយ ។
ថ្វីដ្បិតតែខកខានក្នុងការចេញបទចម្រៀងថ្មីអស់ពេលជាង៧ឆ្នាំ ឈិត សុវណ្ណបញ្ញា នៅតែអារក្សាសម្លេងរបស់ខ្លួនបានល្អដូចដើម ទាំងរសជាតិ និងស្ទាយនៃការច្រៀង ដោយនាងបានជ្រើសរើសយកបទចម្រៀងសេដបំផុតដើម្បីបំពេរអារម្មណ៍ទស្សនិកជន ដូចជាបទចម្រៀងដែលមានចំណងជើងថា «១ សតិអារម្មណ៍ » ជាដើម ។
ពេលនេះផ្លូវចិត្តរបស់តារាចម្រៀង ឈិត សុវណ្ណបញ្ញា បានល្អប្រសើរច្រើន នាងហ៊ានប្រឈមមុខ និងជួបមនុស្សនៅខាងក្រៅទាំងអារម្មណ៍រីករាយ ខុសប្លែកាលពីមុន នាងចូលចិត្តសំងំនៅក្នុងផ្ទះ មិនជួបមុខមនុស្សម្នា សូម្បីតែមិត្តិភក្តិមួយចំនួនក៏នាងបោះបង់មិនជួបមុខដែរ ។
ក្រៅពីចេញបទចម្រៀងជាបន្តបន្ទាប់ ទស្សនិកជននឹងបានឃើញវត្តមាន ឈិត សុវណ្ណបញ្ញា ក្នុងឆាកតន្រ្តីក្នុងពេលឆាប់ៗខាងមុខ ៕


