តារាចម្រៀងនិងសម្តែងលោក ម៉ារ៉ា ប៊ុណ្ណា បានទទួលមរណភាពហើយកាលពីព្រឹកថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០២៥ នេះ ដោយសារគាំងបេះដូងនៅលើរថយន្ត ។

ពេលនេះសពរបស់តារាចម្រៀងនិងសម្តែងលោក ម៉ារ៉ា ប៊ុណ្ណា កំពុងកម្កល់នៅវត្តពោធិចិនតុង ។ បើតាមប្រភពព័ត៌មានពីមិត្តភក្តិស្និទ្ធរបស់តារាសម្តែងនិងចម្រៀងលោក ម៉ារ៉ា ប៊ុណ្ណា បានឱ្យដឹងថា លោក ម៉ារ៉ា ប៊ុណ្ណា ទទួលមរណភាពដោយសារគាំងបេះដូងនៅលើរថយន្ត ។
គួររំលឹកផងដែរថាលោក ម៉ារ៉ា ប៊ុណ្ណា ជាតារាចម្រៀងផងនិងជាតារាសម្តែងផង កន្លងមកលោកធ្លាប់មានស្នាដៃសម្លេងល្បីៗជាច្រើនដែលទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ដោយឡែកមួយរយៈពេលចុងក្រោយនេះលោកពុំសូវមានស្នាដៃថ្មីបង្ហាញទស្សនិកជនទេ ដោយសារតែលោកមានបញ្ហាសុខភាពផង និងការងារសិល្បៈក៏មិនសូវសប្បូរផង ប៉ុន្តែជាញឹកញាប់លោកតែងតែចូលរួមកម្មវិធីជួបជុំមិត្តភក្តិនិងកម្មវិធីសប្បុរសធម៌ជាដើម…។ ដំណឹងមរណភាពរបស់លោក ម៉ារ៉ា ប៊ុណ្ណា ធ្វើឱ្យសិល្បករសិល្បការិនីជាច្រើនតក់ស្លុត ពីព្រោះកាលពីសប្តាហ៍មុនតារាចម្រៀង អ៊ុន សិទ្ធា ទើបតែទទួលមរណភាពដោយសារបញ្ហាសុខភាពផងដែរ ៕



