ខណៈពេលដែលបើកក្បាលកាមេរ៉ាថតរឿង « សោកនាដកម្មភ្នំខ្មោច » បានមួយថ្ងៃស្រាប់តែលោក លៀក លីដា ថៅកែផលិតកម្ម LD ស្រែករកជំនួយព្រោះចំណាយអស់ប្រាក់រហូតដល់ទៅរាប់ម៉ឺនដុល្លារក្នុងការថតមួយថ្ងៃ ។ ជាមួយគ្នានោះតារាសម្តែង ង៉ែត សុវណ្ណលីតា ដែលជាតួអង្គសំខាន់មួយរូបក្នុងរឿងនេះផងដែរថែមទាំងបានប្រកាសមិនបន្តថតរឿងប្រវត្តិសាស្រ្តទៀតទេ ។

រឿង « សោកនាដកម្មភ្នំខ្មោច » បានរៀបចំបើកការមេរ៉ាថតកាលពីថ្ងៃទី០៤ ខែ មករា ឆ្នាំ ២០២៦មកនេះដោយមានការចូលរួមពីសិល្បករជាច្រើន ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ គឺចាប់ផ្តើមថតរឿងនេះថ្ងៃដំបូងស្រាប់តែលោក លៀក លីដា ដែលជាថៅកែផលិតកម្ម LD បានប្រកាសក្តែងៗថា ថ្ងៃទី១ចាយអស់ប៉ុហ្នឹងហើយ ជួយមើលៗផង មេៗនៅទទួលការឧបត្ថម្ភនៅឡើយទេ រឿងមួយនេះមិនមែនរបស់ LD ផ្តាច់មុខទេ គឺរបស់ប្រជាជនខ្មែរគ្រប់រូប » ។
ទន្ទឹមនិងការប្រកាសនេះផងដែរស្រាប់តែតារាសម្តែង ង៉ែត សុវណ្ណលីតា បានបង្ហោះសំណេររួមជាមួយរូបភាពដែលខ្លួនកំពុងគេនៅលើគ្រែពេទ្យថា « ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ដែលមិនបានបន្តថតរឿងប្រវត្តិសាស្រ្តដ៏សែនឈឺចាប់មួយនេះ ជូនបងប្អូនបាន ដោយសារតែសុខភាពរបស់ខ្ញុំខ្សោយពេក ចឹងហើយខ្ញុំសូមអភ័យទោសដល់ម្ចាស់ផលិតកម្មចំពោះការអាកខាននេះផង » ។
តារាសម្តែង ង៉ែត សុវណ្ណលីតា បានសម្តែងនូវការសោកស្តាយជាខ្លាំងដែលមិនអាចបន្តចូលរួមថតរឿងប្រវត្តិសាស្រ្ត « សោកនាដកម្មភ្នំខ្មោច » នេះជាបន្តទៀត ដោយសារតែបញ្ហាសុខភាព ជាក់ស្តែងចាប់តាំងពីដើមឆ្នាំមក នាងចូលពេទ្យសម្រាលព្យាបាលជាច្រើនលើកមកហើយ នៅពុំទាន់បានធូស្រាលទៀត ការងារជាច្រើនត្រូវពន្យាពេក ឬផ្អាកតែម្តង ។ ទោះជាយ៉ាងណា ង៉ែត សុវណ្ណលីតា សង្ឃឹមថា សុខភាពខ្លួននឹងបានល្អប្រសើរក្នុងពេលឆាប់ៗ ដើម្បីទៅធ្វើការងាររបស់ខ្លួនវិញ ដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត ៕




