ចុងសប្តាហ៍នេះមិនដឹងទៅណា! កុំភ្លេចចូលរួមព្រឹត្តិការណ៍ប្រគំតន្រ្តីសប្បុរសធម៌ EXPREZ CHARITY CONCERT នៅក្រុងបាវិត ខេត្តស្វាយរៀង

សម្រាប់ចុងសប្តាហ៍នេះ បើហ្វេនហ្វេនទាំងអស់មិនដឹងថាទៅទីណាដើម្បីរំសាយអារម្មណ៍នោះ កុំភ្លេចណាត់ជួបគ្នា ចូលរួមព្រឹត្តិការណ៍ប្រគំតន្រ្តីសប្បុរសធម៌ EXPREZ CHARITY CONCERTនៅក្រុងបាវិត ខេត្តស្វាយរៀង ទាំងអស់គ្នា ដើម្បីទទួលបាននូវចំណីចក្ខុថ្មីប្លែកពីការសម្តែងរបស់កំពូលតារាចម្រៀងល្បីៗនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។

ដូចមហាជនបានឃើញស្រាប់ហើយថា បន្ទាប់ពីជោគជ័យនិងផ្ទុះការរគាំទ្រខ្លាំងពីមហាជន ក្នុងការរៀបចំការប្រគំតន្រ្តី EXPREZ CHARITY CONCERT បានមកដល់ភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ហើយនៅចុងសប្តាហ៍នេះ ដែលព្រឹត្តិការណ៍ប្រគំតន្រ្តីនេះរៀបចំឡើងដើម្បីស្វែងរកជំនួយជូយសាងសង់សាលារៀន ក៏ដូចជាជួយដល់អ្នកកំពុងរងគ្រោះដោយសារការឈ្លានពានរបស់កងទ័ព ថៃ ។

ព្រឹត្តិការណ៍ប្រគំតន្រ្តីសប្បុរសធម៌ EXPREZ CHARITY CONCERT នៅខេត្ត ស្វាយរៀង នឹងរៀបចំឡើងរយៈពេល២ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ១៨ ខែ មករា ឆ្នាំ២០២៦ ដែលមានការចូលរួមច្រៀងនិងសម្តែងពីកំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ជាច្រើនរូប ជាក់ស្តែងនៅថ្ងៃដំបូងជួបជាមួយកំពូលតារាចម្រៀងល្បីៗដូចជាលោក ព្រាប សុវត្ថិ ,កញ្ញា តន់ ចន្ទសីម៉ា សុវត្ថិ មុនីវណ្ណ , អ្នកនាង ខាត់ សួស្តី និងតារាចម្រៀងវ័យក្មេងជាច្រើនរូបទៀត ។ ដោយឡែក នៅក្នុងថ្ងៃទី ១៨ ខែ មករា ឯណោះវិញ នឹងជួបជាមួយ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត , លោក ខេម , លោក គូម៉ា និងតារាចម្រៀងវ័យក្មេងជាច្រើនរូបផ្សេងទៀត ។

ដូច្នេះបើចុងសប្តាហ៍នេះបើមិនដឹងថាទៅណា កុំភ្លេចណាត់មិត្តភក្តិ និងដៃគូរបស់ខ្លួនទៅមើលការប្រគំតន្រ្តី EXPREZ CHARITY CONCERTនៅក្រុងបាវិត ខេត្តស្វាយរៀងទាំងអស់គ្នា ដើម្បីជួបជាមួយ Idol ក្នុងចិត្តរបស់យើងគ្រប់គ្នា ។ សម្រាប់ថវិកាដែលទទួលបាននៅក្នុងការប្រគំតន្រ្តីនឹងទុកសម្រាប់ជួយដល់សង្គម ។ តន្រ្តី១ពាន់លានរៀលដើម្បីសប្បុរសធម៌ ។