លោក ប៊ីល ហ្គេត (Bill Gates) បានសន្យាថានឹងផ្តល់ប្រាក់ចំនួន ២០០ពាន់លានដុល្លារ តាមរយៈមូលនិធិសប្បុរសធម៌របស់លោកនៅឆ្នាំ ២០៤៥ ហើយបានរិះគន់លោក អ៊ីលុន ម៉ាស់ (Elon Musk) ដោយចោទប្រកាន់បុរសមានបំផុតរបស់ពិភពលោកថា «សម្លាប់កុមារក្រីក្របំផុតរបស់ពិភពលោក» តាមរយៈការកាត់បន្ថយថវិកាជំនួយបរទេសដ៏ធំរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី៩ ខែឧសភានេះ។

មហាសេដ្ឋីវ័យ ៦៩ ឆ្នាំដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft បានកំពុងពន្លឿនផែនការក្នុងការបែងចែកទ្រព្យសម្បត្តិរបស់លោកស្ទើរតែទាំងអស់ ហើយនឹងបិទគ្រឹះនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០៤៥ គឺលឿនជាងការគ្រោងទុកកាលពីមុន។ លោក ហ្គេត ជឿថា ប្រាក់នេះនឹងជួយសម្រេចបាននូវគោលដៅជាច្រើនរបស់លោក ដូចជាការលុបបំបាត់ជំងឺដូចជាជំងឺស្វិតដៃជើង និងគ្រុនចាញ់ ការបញ្ចប់ការស្លាប់ដែលអាចការពារបានក្នុងចំណោមស្ត្រី និងកុមារ និងកាត់បន្ថយភាពក្រីក្រជាសកល។
គួរបញ្ជាក់ថា ថវិកាប្រចាំឆ្នាំរបស់មូលនិធិ ហ្គេត នឹងឈានដល់ ៩ ពាន់លានដុល្លារនៅឆ្នាំ ២០២៦ និងប្រហែល ១០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ បន្ទាប់ពីនោះដោយសារតែការចំណាយកើនឡើង។ លោក ហ្គេត បានព្រមានសេតវិមានថា មូលនិធិរបស់លោក និងសប្បុរសជនផ្សេងទៀត មិនអាចបំពេញចន្លោះដែលនៅសេសសល់ដោយរដ្ឋាភិបាលបានទេ៕
ដោយ៖ ចិន្តា ទីទិ

