អាមេរិក និងចិនបានព្រមព្រៀងគ្នាកាលពីថ្ងៃច័ន្ទ ដើម្បីកាត់បន្ថយពន្ធគយដ៏ធំនាពេលថ្មីៗនេះ ដោយចាប់ផ្តើមពាណិជ្ជកម្មដែលជាប់គាំងឡើងវិញរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ និងកំណត់បញ្ហាផ្សេងៗក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោក។

យោងតាមតំណាងពាណិជ្ជកម្មអាមេរិក លោក ជេមៃសុន ហ្គ័រ (Jamieson Greer) ថាសហរដ្ឋអាមេរិកបានយល់ព្រមទម្លាក់ពន្ធពី ១៤៥% មកត្រឹម ៣០%។ ខណៈប្រទេសចិនបានយល់ព្រមកាត់បន្ថយអត្រាពន្ធលើទំនិញរបស់អាមេរិកពី ១២៥% មកត្រឹម ១០%។
ការយកពន្ធ ៣០% ដែលអាមេរិកកំពុងដាក់លើទំនិញរបស់ចិន រួមមានពន្ធ ២០% ដែលមានស្រាប់ក្នុងគោលបំណងដាក់សម្ពាធដល់ប្រទេសចិនឱ្យការពារកុំឱ្យថ្នាំអាភៀន fentanyl សំយោគចូលទៅក្នុងទឹកដីអាមេរិក។ វាក៏រួមបញ្ចូលផងដែរនូវពន្ធគយ ១០% ជាពន្ធមូលដ្ឋាន លើការនាំចូលពីប្រទេសភាគច្រើននៃពិភពលោក។
ប្រទេសចិនក៏បានយល់ព្រមកាត់បន្ថយអត្រាពន្ធលើទំនិញរបស់អាមេរិកពី ១២៥% មកត្រឹម ១០%។ ចិនសង្ឃឹមថាអាមេរិកនឹងបញ្ឈប់ «ការអនុវត្តខុសនៃការដំឡើងពន្ធឯកតោភាគី» ហើយធ្វើការជាមួយប្រទេសចិនដើម្បីការពារការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយបញ្ចូលភាពប្រាកដប្រជា និងស្ថិរភាពបន្ថែមទៀតទៅក្នុងសេដ្ឋកិច្ចពិភពលោក៕
ដោយ៖ ចិន្តា ទីទិ



