អ៊ុយក្រែនអំពាវនាវឲ្យសម្ព័ន្ធមិត្តដាក់ទណ្ឌកម្មរុស្ស៊ី ក្រោយចរចាបទឈប់បាញ់មិនបានជោគជ័យ

ប្រទេសអ៊ុយក្រែនបានប្រមូលផ្តុំការគាំទ្រពីសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន បន្ទាប់ពីទីក្រុងគៀវ និងទីក្រុងមូស្គូបានបរាជ័យក្នុងការយល់ព្រមលើបទឈប់បាញ់នៅឯកិច្ចចរចាផ្ទាល់លើកដំបូងក្នុងរយៈពេលជាងបីឆ្នាំ ដោយប្រទេសរុស្ស៊ីបង្ហាញពីលក្ខខណ្ឌដែលអ៊ុយក្រែនចោទប្រកាន់ថា «មិនមែនជាអ្នកចាប់ផ្តើម»។

ក្រោមសម្ពាធពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់ជម្លោះបង្ហូរឈាមដ៏ធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ គណៈប្រតិភូមកពីប្រទេសដែលកំពុងមានសង្រ្គាមបានជួបប្រជុំគ្នាជាលើកដំបូងចាប់តាំងពីខែមីនាឆ្នាំ២០២២ មួយខែបន្ទាប់ពីប្រទេសរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។ 

ការចរចានៅវិមានអ៊ីស្តង់ប៊ុលរយៈពេលពីរម៉ោង រុស្ស៊ីបានសម្តែងការពេញចិត្តចំពោះជំនួបនេះ ហើយថាខ្លួនត្រៀមខ្លួនជាស្រេចដើម្បីបន្តទំនាក់ទំនង។ ប្រទេសទាំងពីរបាន យល់ព្រមធ្វើការផ្លាស់ប្តូរអ្នកទោសសង្គ្រាមចំនួន ១,០០០ នាក់ ប៉ុន្តែមិននិយាយពីបទឈប់បាញ់។

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពមួយបានឱ្យដឹងថាទីក្រុងម៉ូស្គូបានចេញឱសានវាទឱ្យអ៊ុយក្រែនដកខ្លួនចេញពីផ្នែកខ្លះនៃទឹកដីរបស់ខ្លួនដើម្បីទទួលបានបទឈប់បាញ់ និងលក្ខខណ្ឌមិនចាប់ផ្តើមនិងមិនស្ថាបនា។ ខណៈកិច្ចចរចាបទឈប់បាញ់ហាក់មិនទាន់ទទួលបានផ្លែផ្កាអ្វីទល់តែសោះ៕

ដោយ៖ ចិន្តា ទីទិ