រុស្ស៊ីបើកការវាយប្រហារយន្តហោះគ្មានមនុស្សបើកធំបំផុតចំនួន ២៧៣ គ្រឿងក្នុងសង្រ្គាមបន្ទាប់ពីចរចាសន្តិភាព

រុស្ស៊ីបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុត ចាប់តាំងពីសង្គ្រាមទ្រង់ទ្រាយធំបានចាប់ផ្តើមនៅឆ្នាំ២០២២ បានសម្លាប់ស្ត្រីម្នាក់នៅក្នុងតំបន់គៀវ និងយ៉ាងហោចណាស់មនុស្ស ៣ នាក់រងរបួស ខណៈទីក្រុងម៉ូស្គូបានបង្កើនការវាយប្រហារបន្ទាប់ពីការចរចាសន្តិភាពកាលពីថ្ងៃសុក្រ។ នេះបើយោងតាមអាជ្ញាធរអ៊ុយក្រែនបានបញ្ជាក់នៅព្រឹកថ្ងៃអាទិត្យទី ១៨ ខែឧសភានេះ។ 

កងទ័ពអាកាសអ៊ុយក្រែនបានឱ្យដឹងថា រុស្ស៊ីបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកចំនួន ២៧៣ គ្រឿងនៅម៉ោង ៨ ព្រឹកដោយផ្តោតសំខាន់ទៅលើតំបន់គៀវ (Kiev) កណ្តាល និងតំបន់នីភ្រូពត្រូក (Dnipropetrovsk) និងតំបន់ដូនែស (Donetsk)។

ផ្អែកលើទិន្នន័យដែលផ្តល់ដោយកងទ័ពអាកាស នេះគឺជាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតរបស់រុស្ស៊ីទៅលើអ៊ុយក្រែននៃសង្រ្គាម។ នៅមុនថ្ងៃគម្រប់ខួបលើកទី៣ នៃការលុកលុយពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែននៅថ្ងៃទី ២៣ ខែកុម្ភៈ ទីក្រុងមូស្គូបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកចំនួន ២៦៧ គ្រឿង។

កិច្ចចរចាដោយផ្ទាល់ជាលើកដំបូងក្នុងរយៈពេលបីឆ្នាំរវាងរុស្ស៊ី និងអ៊ុយក្រែនកាលពីថ្ងៃសុក្របានបរាជ័យក្នុងការសម្របសម្រួលបទឈប់បាញ់បណ្តោះអាសន្ន។ កិច្ចពិភាក្សារយៈពេល ១០០ នាទីនៅទីក្រុងអ៊ីស្តង់ប៊ុល បានផ្តល់កិច្ចព្រមព្រៀងមួយដើម្បីដោះដូរអ្នកទោសសង្គ្រាមចំនួន ១,០០ នាក់នៅសងខាង។

គូសបញ្ជាក់ដែរថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានឱ្យដឹងថា លោកនឹងនិយាយទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) និងប្រធានាធិបតីអ៊ុយក្រែន លោក វ្លាឌីមៀ ហ្សែលែនស្គី (Volodymyr Zelenskiy) នៅថ្ងៃចន្ទនេះ៕

ដោយ៖ ចិន្តា ទីទិ