នាយករដ្ឋមន្រ្តីថៃ ប្រកាសមិនលាលែងពីតំណែង និងសុំទោសប្រជាជនថៃ

នៅថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍នេះ Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ បានប្រកាសថា លោកស្រីមិនលាលែងពីតំណែង និងសុំទោសប្រជាជនថៃចំពោះការលេចធ្លាយឃ្លីបសំឡេង ដោយហៅថា ជាការគំរាមកំហែងដល់សន្តិសុខជាតិ។

កាសែត Khaosod បានផ្សាយដោយដកស្រង់សម្តីលោកស្រីនិយាយថា «ខ្ញុំសុំទោសបងប្អូនជនជាតិថៃទាំងអស់ ទាក់ទងនឹងឃ្លីបសំឡេងនៃការសន្ទនារបស់ខ្ញុំជាមួយថ្នាក់ដឹកនាំកម្ពុជា ខ្ញុំមិនដឹងថានឹងត្រូវបានថត និងផ្សព្វផ្សាយបែបនេះទេ។ ឥឡូវនេះ យើងបានបញ្ជាក់រឿងនេះជាមួយកងកម្លាំងប្រដាប់អាវុធហើយ។ នេះជាពេលដែលយើងត្រូវសហការ និងបង្រួបបង្រួមកម្លាំងរបស់យើង។ គ្រប់ភាគីបានសន្និដ្ឋានថា នេះជាការគំរាមកំហែងដល់សន្តិសុខជាតិ។ នេះមិនមែនជាការគំរាមកំហែងតូចតាចទេ។ ថ្ងៃនេះ យើងគ្មានពេលប្រយុទ្ធគ្នាឯងបែបនេះទេ។ យើងត្រូវការពារអធិបតេយ្យភាពរបស់យើង»។

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ គណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកក្រមសីលធម៌នយោបាយ បានប្រកាស នៅថា ពួកគេនឹងប្ដឹងទៅតុលាការកំពូល និងគណៈកម្មការប្រឆាំងអំពើពុករលួយជាតិ ដើម្បីដកតំណែងនាយករដ្ឋមន្ត្រី លោកស្រី ផែថងថាន ស៊ីណាវ៉ាត់។ 

គណៈកម្មការនេះ បានចោទប្រកាន់ថា លោកស្រីនាយករដ្ឋមន្ត្រី បានដោះស្រាយបញ្ហាជម្លោះព្រំដែន ថៃ-កម្ពុជា មិនបានត្រឹមត្រូវ ជាពិសេសពាក់ព័ន្ធនឹងការសន្ទនា របស់លោកស្រី ផែ ថងថាន ក្នុងកិច្ចសន្ទនាបែកធ្លាយ ជាមួយអតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន៕