ក្រោយមានការធ្លាក់យន្តហោះ Air India កាលពីខែមុន អាជ្ញាធរឥណ្ឌាបានចេញបញ្ជាឱ្យត្រួតពិនិត្យប្រព័ន្ធ បង្ហូរសាំងទៅម៉ាស៊ីនរបស់យន្តហោះប៊ូអ៊ីងទាំងអស់ដែលធ្វើចរាចរណ៍នៅលើទឹកដីឥណ្ឌា។ វិធានការនេះធ្វើឡើងក្រោយពីក្រុមអ្នកអង្កេតរកឃើញថា គ្មានសាំងហូរទៅដល់ម៉ាស៊ីនយន្តហោះទើបយន្តហោះ B-787 របស់ក្រុមហ៊ុនអាកាសចរណ៍ Air India ធ្លាក់។

សារព័ត៌មាន Reuters ផ្សាយថា ការិយាល័យអង្កេតគ្រោះថ្នាក់អាកាសចរណ៍របស់ឥណ្ឌាបានគូសបញ្ជាក់ថា មានការកាច់បិទកុងតាក់នៃប្រព័ន្ធបង្ហូរប្រេងកេរ៉ូហ្សែន ទៅម៉ាស៊ីនរ៉េអាក់ទ័រទាំងពីរ ក្រោយពីយន្តហោះ ឡើងផុតពីដី បានបន្តិច។ ការបិទកុងតាក់បង្ហូរប្រេង បានធ្វើឲ្យម៉ាស៊ីនទាំងពីររបស់យន្តហោះត្រូវរលត់ភ្លាមមិនអាចបន្តការហោះហើរ និងត្រូវធ្លាក់នៅក្បែរព្រលានលើផ្ទះស្នាក់នៅដោយបណ្តាលឱ្យស្លាប់មនុស្ស ២៦០នាក់។
នៅក្នុងរបាយការណ៍ ការិយាល័យអង្កេតមិនបានធ្វើសេចក្តីសន្និដ្ឋាន ហើយក៏មិនបាន ចង្អុលឱ្យចំថាអ្វីទៅជាដើមហេតុនាំឱ្យយន្តហោះធ្លាក់ទេ។ អ្នកអង្កេតបានត្រឹមទម្លាយឱ្យដឹងអំពីខ្លឹមសារសំឡេងសន្ទនារវាងអ្នកបើកបរទាំងពីរដោយម្នាក់បានសួរទៅពីឡុតម្នាក់ទៀតថា ហេតុអ្វីបានជាបិទកុងតាក់បង្ហូរប្រេង ហើយពីឡុតនោះឆ្លើយបដិសេធវិញថាខ្លួន មិនបានធ្វើទេ។
សូមជម្រាបថា ឧបទ្ទវហេតុធ្លាក់យន្តហោះកើតឡើងក្នុងទីក្រុង Ahmedabad ប្រទេសឥណ្ឌាបានសម្លាប់មនុស្ស ២៤១ នាក់ក្នុងចំណោមមនុស្ស ២៤២ នាក់នៅលើយន្តហោះ៕


