កាសែត The Nation Thailand បានស្រង់សម្ដីមេបញ្ជាការយោធភូមិភាគ២ ឲ្យដឹងថា ថៃអាចនឹងបិទការចូលទស្សនាប្រាសាទតាមាន់ធំរយៈពេល ៧ថ្ងៃ ដើម្បីស្ដារស្ថានការណ៍ និងរៀបចំសណ្ដាប់ធ្នាប់ឡើងវិញ ក្នុងករណីមានការប្រទូសសារាយគ្នានៅលើប្រាសាទ។
កាសែតខាងលើផ្សាយសម្តីដើមរបស់លោក ប៊ុនស៊ិន បាដក្លាង យ៉ាងដូច្នេះថា «ខ្ញុំបាននិយាយច្បាស់ជាមួយមេបញ្ជាការកងពលធំថ្មើរជើងលេខ៤២ របស់កម្ពុជា ថា កម្ពុជាត្រូវតែគ្រប់គ្រងប្រជាជនរបស់ខ្លួន កុំឲ្យបង្ករជម្លោះ ឬបង្កើតការញុះញង់។ បើគ្រប់គ្រងមិនបានទេ នោះខ្ញុំនឹងបិទប្រាសាទហើយ»។
ការចេញសារគម្រាមនេះ ទំនងកើតឡើងបន្ទាប់ពីឃើញទេសចរខ្មែរបង្ហាញកម្លាំងសាមគ្គីនាំគ្នាទៅលេងប្រាសាទតាមាន់ធំច្រើន ថៃក៏ភ័យខ្លួនហើយស្រាប់តែយកលេសថា ខ្លាចទេសចរខ្មែរធ្វើសកម្មភាពមិនសមរម្យបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរ ដើម្បីបង្កើនកម្លាំងសន្តិសុខនៅតាមខេត្តចំនួន៤ជាប់ព្រំដែន។
រដ្ឋាភិបាលថៃចោទទាំងងងើលថា ដោយសារតែទេសចរខ្មែរ២៣រថយន្តក្រុងទៅលេងប្រាសាទតាមាន់ធំ ទើបភាពតានតឹងកើនឡើងខ្ពស់ ទាំងដែលប្រាសាទនោះស្ថិតនៅក្នុងទឹកដីខ្មែរសោះ។
ដូច្នេះហើយទើបថៃបានលេស ដោយលោក Watana Yijean ស្នងការនគរបាលភូមិភាគ៣ ចេញបញ្ជាឲ្យចាត់វិធានការ និងពង្រឹងកម្លាំងនៅតាមខេត្ត Surin, Buri Ram, Si Sa Ket និង Ubon Ratchathani។
វិធានការទាំងនោះមានដូចជាការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យ២៤ម៉ោងលើ២៤ម៉ោងរៀលរាល់ថ្ងៃ បំពាក់កាមេរ៉ាសុវត្ថិភាពនិងបង្ហោះដ្រូន និងការល្បាតនៅតាមភូមិ សាលារៀន មន្ទីរពេទ្យនិងអគាររដ្ឋាភិបាលជាដើម៕
