ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃទី៦ ខែតុលា បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រកាស ដាក់ពង្រាយកម្លាំងពិសេស ដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកហៅថា ជាការបង្កើនកម្លាំងប្រដាប់អាវុធរបស់អាមេរិកនៅក្នុងទឹកដីប្រទេសកូរ៉េខាងត្បូង។
តាមប្រព័ន្ធផ្សព្វផ្សាយ The Star បាននិយាយថា សហរដ្ឋអាមេរិកបានដាក់ពង្រាយកងទ័ពប្រមាណ ២៨ ៥០០នាក់ នៅកូរ៉េខាងត្បូង ដើម្បីទប់ទល់នឹងការគំរាមកំហែងផ្នែកយោធាពីកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ។ កាលពីខែ កញ្ញាកន្លងទៅ សហរដ្ឋអាមេរិកក៏មានការធ្វើសមយុទ្ធយោធារួមគ្នាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន គឺកូរ៉េខាងត្បូង និងជប៉ុនផងដែរ។
ជាទម្លាប់ទីក្រុងព្យុងយ៉ាងតែងបានថ្កោលទោសចំពោះសមយុទ្ធបែបនេះ ដោយបានចាត់ទុកថាជាការហាត់សមសម្រាប់ការឈ្លានពាន ខណៈភាគីសម្ព័ន្ធមិត្តអាមេរិកបានបកស្រាយថា ពួកគេធ្វើសមយុទ្ធសម្រាប់លក្ខណៈការពារជាតិតែប៉ុណ្ណោះ។
តាមរយៈសុន្ទរកថាមួយក្នុងឱកាសបើកពិព័រណ៍អាវុធ នៅទីក្រុងព្យុងយ៉ាង កាលពីថ្ងៃសៅរ៍កន្លងទៅ លោក គីម ជុងអ៊ុន បាននិយាយថា សម្ព័ន្ធមិត្តនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយពួកគេកំពុងធ្វើសមយុទ្ធជាច្រើនប្រភេទ ដើម្បីអនុវត្តសេណារីយ៉ូដ៏គ្រោះថ្នាក់។
លោកនិយាយបន្តថា ស្របពេលជាមួយនឹងការបង្កើនកម្លាំងរបស់យោធាអាមេរិក នៅក្នុងតំបន់កូរ៉េខាងត្បូង ក្តីបារម្ភជាយុទ្ធសាស្ត្ររបស់យើងចំពោះតំបន់នេះ ក៏បានកើនឡើងផងដែរ ហើយដូច្នេះយើងបានចាត់ចែងទ្រព្យពិសេស(កម្លាំងពិសេស)របស់យើងទៅកាន់គោលដៅសំខាន់ៗ។
តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េ លោក គីម កំពុងតាមដានយ៉ាងដិតដល់ នូវការវិវត្តយោធានៅត្រើយម្ខាងនៃព្រំដែន៕
