អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Nattapol Nakpanit នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាឱ្យបញ្ឈប់ជំនួយយោធាទាំងអស់ដល់កម្ពុជា និងបញ្ជូននិស្សិតកម្ពុជា ដែលកំពុងសិក្សានៅមហាវិទ្យាល័យការពារជាតិថៃ(NDC) ត្រឡប់ទៅប្រទេសកំណើតវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation ។
សម្រេចចិត្តរបស់លោក Nattapol បន្ទាប់ពីមានការបាញ់គ្នានៅតាមព្រំដែន។ លោកកំពុងកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងការពារជាតិស្ដីទីថៃផងនោះ បានបញ្ជាក់ថា លោកបានបញ្ជាឱ្យផ្អាកការផ្លាស់ប្ដូរការហ្វឹកហ្វឺនយោធាជាមួយកម្ពុជា។ លោកថា និស្សិតកម្ពុជាទាំងអស់ ដែលកំពុងសិក្សានៅ NDC សម្រាប់ឆ្នាំសិក្សា២០២៤ ត្រូវបានបញ្ជូនត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីមានការប្រយុទ្ធគ្នា ហើយពួកគេនឹងមិនត្រឡប់មកវិញទេ។ លោកបន្ថែមថា «យើងបានលុបចោលកូតាសម្រាប់និស្សិតកម្ពុជានៅ NDC»។
បន្ថែមពីនេះលោកផ្តាំឲ្យទីភ្នាក់ងារទាំងអស់ដែលយាមនៅតាមច្រកព្រំដែន ត្រូវតែបង្កើនការត្រួតពិនិត្យជនបរទេស ដែលចេញចូលប្រទេសថៃ ហើយទីភ្នាក់ងារទាំងអស់ក៏ត្រូវតែបង្កើនសន្តិសុខប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិតផងដែរ៕
