កាន់តែក្តៅ! អ៉ីស្រាអែល បន្តវាយប្រហារខ្លាំងក្លាលើទីក្រុងហ្កាហ្សា ដោយមនុស្ស ១២៣នាក់ទៀតស្លាប់ក្នុងរយៈពេល ២៤ម៉ោង

កាលពីថ្ងៃពុធ យោធាអ៉ីស្រាអែល បានបន្តវាយប្រហារយ៉ាងខ្លាំងក្លាលើទីក្រុងហ្កាហ្សា ដែលជាផ្នែកមួយនៃការត្រៀមខ្លួនសម្រាប់ប្រតិបត្តិការដណ្ដើមគ្រប់គ្រង ខណៈក្រសួងសុខាភិបាលហ្កាហ្សាថា មានមនុស្ស ១២៣នាក់ទៀតត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយដោយដកស្រង់សម្តីលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៉ីស្រាអែលបាននិយាយគាំទ្រគំនិតដែលលើកឡើងដោយលោក ដូណាល់ ត្រាំ ថា ប្រជាជនប៉ាឡេស្ទីនគួរតែចាកចេញពីតំបន់នេះ។ 

លោកថា ប្រជាជនប៉ាឡេស្ទីនគួរតែចាកចេញពីតំបន់នេះ ដោយជំរុញឱ្យប្រទេសដទៃបើកទ្វារទទួលពួកគេជាជាងមកបង្រៀនអ៉ីស្រាអែល។ គំនិតនៃការផ្លាស់ទីលំនៅរបស់ប្រជាជនហ្កាហ្សានេះ ត្រូវបានមេដឹកនាំអារ៉ាប់ និងពិភពលោកជាច្រើនចាត់ទុកថាជារឿងដ៏គួរឱ្យរន្ធត់ ហើយប្រជាជនប៉ាឡេស្ទីនប្រៀបធៀបវាទៅនឹងគ្រោះមហន្តរាយ ដែលគេហៅថា Nakba នៅក្នុងឆ្នាំ១៩៤៨។

យោងតាមសាក្សី យន្តហោះ និងរថក្រោះអ៉ីស្រាអែលបានទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាលើតំបន់ភាគខាងកើតនៃទីក្រុងហ្កាហ្សា ដោយមន្ទីរពេទ្យ Al-Ahli បានរាយការណ៍ថា មនុស្ស ១២នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសមួយលើផ្ទះមួយខ្នងនៅតំបន់ Zeitoun។ 

បន្ថែមពីលើនេះ រថក្រោះក៏បានបំផ្លាញផ្ទះជាច្រើនខ្នងនៅភាគខាងកើតនៃទីក្រុង Khan Younis ខណៈដែលការបាញ់ប្រហាររបស់អ៉ីស្រាអែលបានសម្លាប់អ្នកស្វែងរកជំនួយចំនួន ៩នាក់ នៅក្នុងឧប្បត្តិហេតុពីរផ្សេងគ្នា៕