ក្រុមហ៊ុនអាកាសចរណ៍ Korean Air បានប្រកាសពីការបញ្ជាទិញយន្តហោះ Boeing ចំនួន ១០៣គ្រឿង រួមទាំងម៉ាស៉ីនយន្តហោះ និងសេវាថែទាំ គិតជាទឹកប្រាក់ ៥០ពាន់លានដុល្លារ ស្របពេលដែលមានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ទៅកាន់ទីក្រុងវ៉ាស៉ីនតោន ជួបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ បានផ្សាយថា ការបញ្ជាទិញរបស់ក្រុមហ៊ុន Korean Air ដែលរួមមានយន្តហោះ Boeing 787s និង Boeing 737s ក្នុងតម្លៃប្រហែល ៣៦.៥ពាន់លានដុល្លារ។ Korean Air ក៏បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន GE Aerospace លើការទិញ និងថែទាំម៉ាស៉ីនយន្តហោះ ដែលមានតម្លៃ ១៣.៧ពាន់លានដុល្លារផងដែរ។
រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Howard Lutnick បានចាត់ទុកកិច្ចព្រមព្រៀងជាមួយ Boeing និង GE ថា ជាការជំរុញការនាំចេញផ្នែកអវកាសរបស់សហរដ្ឋអាមេរិក។
