ប៉ូលិសឥណ្ឌូណេស៊ីបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងបាតុករនៅជិតសាកលវិទ្យាល័យចំនួនពីរក្នុងទីក្រុងធំក្នុងតំបន់ Bandung។ នេះបើតាមក្រុមនិស្សិត និងអាជ្ញាធរបាននិយាយនៅថ្ងៃអង្គារ ដោយបានបង្កើនភាពតានតឹងជុំវិញការតវ៉ាដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨នាក់ចាប់តាំងពីសប្តាហ៍មុន។

ការតវ៉ាបានចាប់ផ្តើមកាលពីមួយសប្តាហ៍មុននៅរដ្ឋធានីហ្សាកាតា ដោយផ្តោតលើខ្ទង់ចំណាយរបស់រដ្ឋាភិបាល ដូចជាការបង្កើនអត្ថប្រយោជន៍សម្រាប់អ្នកតំណាងរាស្រ្ត បានកើនឡើងទូទាំងប្រទេស ដោយមានកុបកម្ម និងសកម្មភាពបន្លំលួចប្លន់មួយចំនួននៅផ្ទះមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បន្ទាប់ពីរថយន្តប៉ូលីសបានបុក និងសម្លាប់អ្នកបើកបរម៉ូតូតាក់ស៊ី។
រដ្ឋមន្ត្រីជាន់ខ្ពស់ លោក Airlangga Hartarto បាននិយាយកាលពីថ្ងៃចន្ទនៅលើ Instagram ថា យ៉ាងហោចណាស់មនុស្ស៨នាក់បានស្លាប់នៅក្នុងការតវ៉ា។ អាជ្ញាធរបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកចូលទៅក្នុងហ្វូងមនុស្សនៅជិតបរិវេណសាកលវិទ្យាល័យអ៊ីស្លាម Bandung និងនៅជិតសាកលវិទ្យាល័យ Pasundan ចម្ងាយជាង ១៤០ គីឡូម៉ែត្រ ភាគខាងលិចទីក្រុងហ្សាកាតា។
«អាជ្ញាធរបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកចេញពីខាងក្រៅខ្លោងទ្វារសាលារៀន និងបានបាញ់គ្រាប់កៅស៊ូផងដែរ ដែលបណ្តាលឲ្យមនុស្សម្នាក់រងរបួស។ នេះបើយោងតាមសម្តីលោក Muhammad Ilham ជានិស្សិតនៅ Pasundan បានប្រាប់សារព័ត៌មាន Reuters។ លោកបាននិយាយថា៖ «មានសិស្សម្នាក់ត្រូវគ្រាប់កៅស៊ូបាញ់ពីរគ្រាប់»។
មន្ត្រីប៉ូលីស Hendra Rochmawan បាននិយាយថា អាជ្ញាធរមិនបានចូលទៅក្នុងបរិវេណសាលានោះទេ ប៉ុន្តែបានព្យាយាមបំបែកហ្វូងបាតុករដែលមិនមែនជានិស្សិត ខណៈដែលហ្វូងមនុស្សបានបិទផ្លូវនៅក្នុងតំបន់នោះ។
និស្សិតសាកលវិទ្យាល័យត្រូវបានគេចាត់ទុកថាជាអ្នកការពារលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសឥណ្ឌូនេស៊ីជាយូរមកហើយ ដោយបានដើរតួនាទីនាំមុខក្នុងការតវ៉ាដែលបានជួយផ្តួលរំលំមេដឹកនាំផ្តាច់ការប្រធានាធិបតី Suharto ក្នុងឆ្នាំ១៩៩៨ ។
ប្រធានាធិបតីបច្ចុប្បន្ន លោក Prabowo Subianto ដែលជាមេដឹកនាំយោធាក្រោមការដឹកនាំរបស់ Suharto បានជួបជាមួយសហជីពកម្មករ ដែលខ្លះបានចូលរួមការតវ៉ាកាលពីសប្តាហ៍មុនសម្រាប់ការដំឡើងប្រាក់ឈ្នួលអប្បបរមា ហើយបាននិយាយថា លោកបានប្រាប់សមាជិកសភាឱ្យពិភាក្សាអំពីច្បាប់ការងារ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យប្រធានាធិបតី។
លោក Prabowo ក៏បានព្រមានពីការដាក់ពង្រាយប៉ូលិស និងយោធាដើម្បីរក្សាសណ្តាប់ធ្នាប់នៅពេលបាតុកម្មបន្តផ្ទុះនៅតាមទីក្រុងជាច្រើននៅក្នុងប្រទេស៕

