ក្នុងជំនួបនៅទីក្រុងប៉េកាំង ប្រទេសចិន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសនឹងគាំទ្រយ៉ាងពេញទំហឹងដល់កងទ័ពរុស្ស៉ី ឱ្យដូចជាបងប្អូន ហើយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានចាត់ទុកទំនាក់ទំនងរុស្ស៉ី-កូរ៉េខាងជើងថាជាពិសេស។

ប៉ុន្មានថ្ងៃមកនេះ មេដឹកនាំនៃប្រទេសទាំងពីរបានបង្ហាញវត្តមានដ៏កម្រនៅក្នុងប្រទេសចិន ហើយឆ្លៀតបង្កើតជំនួបដ៏កម្រដោយមេដឹកនាំកូរ៉េខាងជើង និងរុស្សុី បានផ្លាស់ប្តូរយោបល់គ្នាដោយស្មោះត្រង់ លើបញ្ហាសំខាន់ៗក្នុងតំបន់ និងអន្តរជាតិ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា លោក ពូទីន បានកោតសរសើរយ៉ាងខ្លាំង ចំពោះទាហានកូរ៉េខាងជើងដែលកំពុងប្រយុទ្ធនឹងអ៊ុយក្រែន ហើយថាទំនាក់ទំនងនៃប្រទេសទាំងពីរគឺពិសេសដោយការជឿទុកចិត្ត មិត្តភាព និងសម្ព័ន្ធភាព។
ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់កូរ៉េខាងត្បូង កាលពីថ្ងៃទី២ ខែកញ្ញា បាននិយាយថា ទាហានកូរ៉េខាងជើងសរុបប្រហែល ២,០០០នាក់ បានស្លាប់ទៅជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន។ កូរ៉េខាងជើងបានបញ្ជូន កងទ័ពរបស់ខ្លួនច្រើនជាង ១០,០០០នាក់ទៅរុស្ស៉ី កាលពីឆ្នាំ២០២៤ ដែលជាចម្បងគឺទៅតំបន់ Kursk រួមជាមួយគ្រាប់កាំភ្លើងធំ មីស៉ីល និងប្រព័ន្ធបាញ់រ៉ុក្កែតចម្ងាយឆ្ងាយ។ បើតាមទីភ្នាក់ងារ NIS ទីក្រុងព្យុងយ៉ាង ក៏បានគ្រោងបញ្ជូនទាហាននិងយោធិនវិស្វកម្មសរុបខ្ទង់ ៦០០០នាក់ទៀត ទៅរុស្ស៉ីផងដែរ ខណៈ១,០០០នាក់ បានទៅដល់រួចហើយ៕
