នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងជួបផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីថៃថ្មី ពិភាក្សាជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២៥ លោក អាន់វ៉ា អ៉ីប្រាហ៉ីម ប្រកាសទន្ទឹងរង់ចាំជួបនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗ រួមទាំងជម្លោះព្រំដែនថៃ-កម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដាកន្លងទៅ។

នៅរសៀលថ្ងៃអាទិត្យ ទី៧ ខែកញ្ញា លោក អាន់វ៉ា អ៉ីប្រាហ៉ីម បានទូរសព្ទទៅអបអរសាទរលោក Anutin Charnvirakul ដែលទើបតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ។

លើបណ្តាញសង្គមផ្លូវការនៅយប់ថ្ងៃអាទិត្យដដែល លោក អាន់វ៉ា បង្ហាញនូវអារម្មណ៍រីករាយដែលបានសន្ទនាតាមទូរសព្ទជាមួយលោក Anutin ជាមិត្តភ័ក្រ្តរួមសុខរួមទុក្ខនឹងគ្នា។

លោក អាន់វ៉ា បានសរសេរបញ្ជាក់ថា លោកក៏បានអញ្ជើញនាយករដ្ឋមន្រ្តីថ្មីរបស់ថៃ មកបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីនាពេលខាងមុខ ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗ រួមទាំងការពង្រឹងទំនាក់ទំនងទ្វេភាគី ជម្លោះព្រំដែនថៃ-កម្ពុជា និងកិច្ចសហប្រតិបត្តិការអាស៊ាន។

បើតាមការសរសេររបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី, នាយករដ្ឋមន្ត្រីថៃ Anutin នឹងស្បថចូលកាន់តំណែងប្រព្រឹត្តទៅក្នុងរយៈពេលមួយសប្តាហ៍ ហើយលោកទន្ទឹងរង់ចាំជួបលោក ក្នុងពេលឆាប់ៗ។

ថ្លែងសារក្រោយព្រះមហាក្សត្រថៃ តែងតាំងជានាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃអាទិត្យ ទី៧ ខែកញ្ញា លោក Anutin Charnvirakul បានគូសបញ្ជាក់ថា ស្ថានការណ៍ព្រំដែននាពេលបច្ចុប្បន្ន រដ្ឋាភិបាលរបស់លោកនឹងចាប់ផ្ដើមអនុវត្តវិធានការ ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈមធ្យោបាយដោយសន្តិវិធី ដើម្បីកាត់បន្ថយការខាតបង់ និងការឈឺចាប់នៃប្រជាជនប្រទេសទាំងពីរ។ នេះបើតាមកាសែតថៃ Khoasod English។

សារបញ្ជាក់ជំហរចង់ដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាពីនាយករដ្ឋមន្រ្តីថ្មីថៃ ស្របពេលដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានផ្ញើសារលិខិតអបអរសាទរជូនចំពោះលោក Anutin ដែលត្រូវបានជ្រើសរើសតាំងជានាយករដ្ឋមន្ត្រីទី៣២របស់ថៃ។ 

តាមរយៈលិខិតមួយទំព័រនៅថ្ងៃអាទិត្យ ទី៧ កញ្ញា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចធិបតីទន្ទឹមរង់ចាំធ្វើការយ៉ាងជិតស្និទ្ធ ជាមួយលោក Anutin ដើម្បីស្ដារទំនាក់ទំនងរវាងកម្ពុជា និងថៃឱ្យត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ក៏ដូចជាកសាងឡើងវិញនូវការជឿជាក់គ្នាទៅវិញទៅមក និងផ្លាស់ប្ដូរព្រំដែនជាប់គ្នារវាង ព្រះរាជាណាចក្រទាំង២ ឱ្យមានសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការរីកចម្រើនជាមួយគ្នា៕