សារព័ត៌មានបារាំង France24 បានចុះផ្សាយនៅថ្ងៃពុធ ទី១០ ខែកញ្ញា ឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UN គ្រោងនឹងកោះប្រជុំបន្ទាន់នៅថ្ងៃពុធនេះ ដើម្បីពិភាក្សាអំពីការវាយប្រហាររបស់អ៊ីស្រាអែលទៅលើមន្ត្រីហាម៉ាសនៅទីក្រុងដូហានៃប្រទេសកាតា។
សារព័ត៌មាន France24 បានផ្សាយថា ក្រសួងការបរទេសចិន ក៏បានថ្កោលទោសចំពោះការវាយប្រហាររបស់អ៊ីស្រាអែលនៅទីក្រុងដូហា ដោយអះអាងថា ចិនប្រឆាំងយ៉ាងដាច់អហង្ការចំពោះការរំលោភបំពានរបស់អ៊ីស្រាអែលលើអធិបតេយ្យភាពទឹកដីរបស់កាតា។
ប្រទេសជប៉ុន ឯណោះក៏បានថ្កោលទោសយ៉ាងខ្លាំងផងដែរចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើកាតា ដោយចាត់ទុកថា ជាការគំរាមកំហែងដល់អធិបតេយ្យភាពរបស់កាតា និងសន្តិសុខក្នុងតំបន់។
ជាមួយគ្នានេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ក៏បានស្តីបន្ទោសដ៏កម្រមួយ ចំពោះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដោយបានអះអាងថា លោកមិនបានដើរតួនាទីណាមួយឡើយ ចំពោះការវាយប្រហារដោយសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិក ទៅលើសម្ព័ន្ធមិត្តមួយផ្សេងទៀតនោះទេ៕