នាយករដ្ឋមន្ត្រីថៃ ប្រកាសមិនចុះកិច្ចព្រមព្រៀងសន្តិភាព បើកិច្ចប្រជុំ GBC-JBC រវាងកម្ពុជា-ថៃ បរាជ័យ

នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរ៉ាកុល នឹងមិនចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយភាគីកម្ពុជា ដែលគ្រោងធ្វើឡើងនៅប្រទេសម៉ាឡេស៊ីនាចុងខែតុលានោះទេ ប្រសិនបើកិច្ចប្រជុំ GBC-JBC រវាងកម្ពុជា-ថៃ បានបរាជ័យ។ នេះបើតាមសារព័ត៌មានថៃ The Nations នៅព្រឹកថ្ងៃទី២១តុលា។

លោក Natthaphon Narkphanit រដ្ឋមន្ត្រីការពារជាតិថៃ បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃនឹងមិនចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលគ្រោងធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសម៉ាឡេស៊ីនាចុងខែតុលានោះទេ ប្រសិនបើកិច្ចប្រជុំ GBC-JBC រវាងកម្ពុជា-ថៃបរាជ័យ។ 

លោករដ្ឋមន្ត្រីការពារជាតិថៃ បានអះអាងថា ទោះបីបរាជ័យកិច្ចព្រមព្រៀងណាក៏ដោយក៏ថៃនឹងមិនធ្លាក់ចូលក្នុងវិបត្តិដែរ និងថា គោលនយោបាយរដ្ឋាភិបាលថៃមិនមែនផ្តោតតែលើការរក្សាសន្តិភាពទេ ប៉ុន្តែក៏អនុវត្តតាមគោលការណ៍អន្តរជាតិផងដែរ។ 

គួរឲ្យដឹងថា ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ គឺជាថ្ងៃទីពីរ នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ថ្ងៃទី២០​-២៣តុលា។ ដោយឡែក កិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) កំពុងចាប់ផ្តើមដំណើរការមានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២១ និង ២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ប្រទេសថៃ ដែលភាគីថៃធ្វើជាម្ចាស់ផ្ទះ៕