សារព័ត៌មានរបស់អាមេរិក CNN បានចុះមកផ្តិតរូបភាពរាយការណ៍អំពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាការបើកជើងមេឃថ្មីរបស់កម្ពុជាភ្ជាប់ជាមួយពិភពលោក ទើបដាក់ឲ្យដំណើរការថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

តាមរយៈការបង្ហោះវីដេអូលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១១ ខែកញ្ញានេះនូវសេចក្តីការណ៍របស់ខ្លួនប្រមាណ ១នាទី CNN បានដាក់ចំណងជើងថា «ទិដ្ឋភាពអាកាសយានដ្ឋានថ្មីបំផុតរបស់កម្ពុជា» ដោយបានអធិប្បាយថា អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ រាជធានីភ្នំពេញ ត្រូវបានបំផុសគំនិតដោយប្រពៃណី និងសាងសង់សម្រាប់អនាគត។
CNN បញ្ជាក់ថា លោកស្រី Lilit Marcus ដែលជាផលិតករផ្នែកព័ត៌មានទេសចរណ៍សម្រាប់ CNN Digital Worldwide បានទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈពេលដែលកំពុងសាងសង់នាពេលកន្លងមកនេះ។
គួរឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ តម្លៃ ១៥០០លានដុល្លារអាមេរិក បើកដំណើរការហោះហើរនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ព្រលានយន្តហោះថ្មីនេះស្ថិតនៅលើផ្ទៃដីដ៏ល្វឹងល្វើយជាង ២ ៦០០ហិកតា ក្នុងឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ។
អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F ដែលអាចស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ បើយោងតាមការវាយតម្លៃរបស់អាកាសចរណ៍ស៊ីវិល ព្រលានហោះយន្ដអន្ដរជាតិតេជោនេះ បានជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F។ ជាមួយគ្នានេះ ព្រលានយន្តនេះ បានក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល ក្នុងចំណោមស្ថាបត្យកម្មចំនួន១១ លើពិភពលោកផងដែរ។
មន្រ្តីរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ មានទស្សនវិស័យយូរអង្វែង និងមានគោលដៅពិតប្រាកដ ដើម្បីប្រែក្លាយជាអាកាសយានដ្ឋាន Hub ទាំងផ្នែកដឹកជញ្ជូនអ្នកដំណើរ និងដឹកជញ្ជូនទំនិញ៕




