តាមរយៈសំណេរលើបណ្តាញសង្គមនាថ្ងៃអង្គារ៍ ទី៣០ ខែកញ្ញានេះ អ្នកជំនាញផ្នែកច្បាប់ គឺលោកមេធាវី សុក សំអឿន បានបង្ហាញខ្លឹមសារដែលអ្នកកាសែតសួរលោកថា ប្រសិនបើប្រទេសថៃគេលុបកិច្ចព្រមព្រៀង MOU ដែលធ្វើរវាងប្រទេសថៃ និង កម្ពុជានោះ តើគេធ្វើបានដែរឬទេ?
មេធាវី សុក សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទ បានលើកឡើងថា ការឈប់គោរព ឬបំពានកិច្ចព្រមព្រៀងរវាងប្រទេស និងប្រទេស វាជាការបំពានច្បាប់អន្តរជាតិ។ កិច្ចព្រមព្រៀងដែលធ្វើឡើងរវាងប្រទេសពីរយ៉ាងតិច គឺជាច្បាប់អន្តរជាតិហើយ។ នៅក្នុងកិច្ចសន្យាធម្មតារវាងបុគ្គល និងបុគ្គល គឺតែងតែចែងពីសំណង ប្រសិនបើភាគីមួយបានបំពានកិច្ចសន្យានោះ តែនៅក្នុងរដ្ឋ គឹមានយន្តការនៃការអនុវត្តន៍ច្បាប់ ក្នុងការដែលមានស្ថាប័នតុលាការ និងស្ថាប័ននគរបាល ដែលជាស្ថាប័នសម្រាប់អនុវត្តច្បាប់ កាលបើមានអ្នកដែលបានបំពានច្បាប់។ ប៉ុន្តែ សំនួរសួរថា ចុះសម្រាប់ការបំពានកិច្ចសន្យាជាអន្តរជាតិ សួរថាតើមានយន្តការអនុវត្តច្បាប់ដែរទេ? ដូចនេះ យើងក៏គួរតែដឹងពីយន្តការអន្តរជាតិ។ លោកបន្តថា នៅក្នុងពិភពលោកនេះ គឺយើងមាន អង្គការសហប្រជាជាតិ និងមាន ក្រុមប្រឹក្សាសន្តិសុខអន្តរជាតិ។ ចំពោះជម្លោះរវាងប្រទេសនិង ប្រទេស គឺយើងមាន តុលាការអន្តរជាតិ និងមានតុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលទើបនឹងបង្កើតនៅឆ្នាំ២០១៥ កាលពីមុនឆ្នាំ ២០១៥ នៅពេលដែលមានបទល្មើស ឬមានបណ្តឹងព្រហ្មទណ្ឌអន្តរជាតិកើតឡើង អ្នកដែលធ្វើសេចក្តីសម្រេចគឺមហាសន្និបាតអង្គការសហប្រជាជាតិ ដែលត្រូវសម្រេចថាត្រូវបង្កើតតុលាការពិចារណាលើបទល្មើសនោះដែរឬអត់។

ចុះបើជាជម្លោះព្រំដែន ឬ បំពានកិច្ចព្រមព្រៀងអន្តរជាតិ តើមានជាទណ្ឌកម្មអ្វីលើអ្នកបំពាន។ លោកបានឆ្លើយថា ទណ្ឌកម្មគឺមានតែ ទណ្ឌកម្មការទូត និងទណ្ឌកម្មសេដ្ឋកិច្ច និង ការផ្ទុះជាសង្រ្គាមរវាងគ្នា។ អាចនឹងមានករណីខ្លះ អង្គការសហប្រជាជាតិអាចប្រើកម្លាំងដើម្បីបង្រ្កាបរដ្ឋអំណាចរបស់ប្រទេសដែលបំពានដែរ តែករណីនេះអាចកើតមានឡើងកាលបើមានមហាអំណាចដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខជាអ្នកអះអាងចេញមុខ ឧទាហរណ៍ ដូចជាសង្រ្គាមនៅអ៊ីរ៉ាក់ជាដើម។ ចំពោះទណ្ឌកម្មការទូត គឺមានការផ្តាច់ទំនាក់ទំនងការទូត និង បើប្រទេសដែលបំពាន។
ងាកមកសំនួរដែលសួរថា តើប្រសិនបើប្រទេសថៃ លុប MOU ដែលបានចុះព្រមព្រៀងជាមួយកម្ពុជា តើគេអាចធ្វើបានដែរទេ? ជាចម្លើយ ការបំពានកិច្ចព្រមព្រៀង គឺអ្នកបំពានអាចនឹងធ្វើបាន ប៉ុន្តែក៏ត្រូវតែព្រឈមនឹងផលវិបាកអវិជ្ជមានដែលកើតឡើងពីការបំពានកិច្ចព្រមព្រៀងនេះដែរ។ អ្នកដែលបំពានកិច្ចព្រមព្រៀងរវាងប្រទេស អាចនឹងត្រូវសហគមន៍អន្តរជាតិ ពោលគ្រប់ប្រទេសលើលោកគេថ្កោលទោស គេអាចព្រួតគ្នាដាក់ទណ្ឌកម្មការទូត និង ទណ្ឌកម្មសេដ្ឋកិច្ច។
តែទោះជាយ៉ាងណា ប្រសិនបើប្រទេសដែលបំពានមានអំណាចខ្លាំង ពោលគឺមានសេដ្ឋកិច្ចខ្លាំង ជាប្រទេសអ្នកមាន មានកម្លាំងទ័ពខ្លាំង ឧទាហរណ៍ប្រទេសរុស្សី ប្រទេសតូចៗនឹងមិនហ៊ានដាក់ទណ្ឌកម្មលើនោះទេ។ ដូចនេះ ប្រសិនបើថៃគេហ៊ានលប់កិច្ចព្រមព្រៀងនោះ គេនឹងត្រូវព្រឈមទៅនឹងថាតើនៅលើលោកយើងនេះមានប្រទេសដែលអាចហ៊ានចូលរួមដាក់សម្ពាធការទូត និង សម្ពាធសេដ្ឋកិច្ចលើខ្លួនដែរទេ?
ប្រសិនបើមានការចោមរោមដាក់សម្ពាធមែន តើខ្លួនអាចមានលទ្ធភាពទប់ទល់នឹងការធ្លាក់ចុះសេដ្ឋកិច្ចរបស់ខ្លួនដែរទេ? ហើយបើចំពោះរឿងវិវាទរវាងថៃ និង កម្ពុជា កម្ពុជាអាចងាកទៅប្រើយន្តការតុលាការអន្តរជាតិបាន កាលបើថៃលុបកិច្ចព្រមព្រៀងនេះ! តែទន្ទឹមនឹងនេះ កម្ពុជាក៏មិនត្រូវភ្លេចពង្រឹងកម្លាំងទ័ពរបស់ខ្លួនដែរ ព្រោះប្រសិនបើករណីនេះកើតឡើង អាចនឹងមានសង្រ្គាមផ្ទុះរវាងថៃ និង កម្ពុជា៕
