ទឹកជំនន់នៅរដ្ឋ Niger របស់ប្រទេសនីហ្សេរីយ៉ា ក្នុងសប្តាហ៍នេះ បានសម្លាប់មនុស្សចំនួន ១៥១នាក់ និងបង្ខំឱ្យរាប់ពាន់នាក់ ចេញពីផ្ទះសម្បែងរបស់ពួកគេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២ ខែមិថុនានេះ។
លោក អ៊ីប្រាហ៊ីម អាដូ ហ្ស៊សហ្សៃណៃ (Ibrahim Audu Hussaini) នាយកផ្នែកព័ត៌មាននៅទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរដ្ឋ Niger បានផ្តល់ចំនួនអ្នកស្លាប់ថ្មីដែលត្រូវបានរាយការណ៍ពីមុនថាមានចំនួន ១១៧ នាក់កាលពីថ្ងៃសុក្រ។
លោកបានបន្ថែមថា ជាង ៥០០ គ្រួសារបានរងផលប៉ះពាល់ ហើយមនុស្សជាង ៣ ពាន់នាក់ត្រូវជម្លៀសចេញ។
ឧប្បត្តិហេតុទឹកជំនន់នៅកណ្តាលទីក្រុង Mokwa ក្នុងរដ្ឋ Niger បានកើតឡើងកាលពីយប់ថ្ងៃពុធ ហើយបន្តរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍។ ប៉ុន្មានថ្ងៃក្រោយមក ក្រុមអ្នកជួយសង្គ្រោះនៅតែរើសតាមភក់ និងកំទេចកំទី ដើម្បីស្វែងរកសាកសព។
ប្រទេសនីហ្សេរីយ៉ា ងាយនឹងលិចលង់ក្នុងរដូវវស្សា ដែលបានចាប់ផ្តើមនៅក្នុងខែមេសា។
គូសបញ្ជាក់ដែរថានៅឆ្នាំ២០២២ រលកទឹកជំនន់ដ៏អាក្រក់បំផុតរបស់ប្រទេសក្នុងរយៈពេលជាងមួយទសវត្សរ៍បានសម្លាប់មនុស្សជាង ៦០០ នាក់ ជម្លៀសខ្លួនប្រហែល ១.៤ លាននាក់ និងបានបំផ្លាញដីស្រែចំនួន ៤៤០,០០០ ហិកតា៕
ដោយ៖ ចិន្តា ទីទិ




